ព័ត៌មានជាតិ

គ្រោះរាំងស្ងួត និងជំនន់ទន្លេមេគង្គបង្ករផលប៉ះពាល់ដល់ដំណាំស្រូវក្នុងខេត្តព្រៃវែងជាង ១ម៉ឺនហិកតា

image

ព្រៃវែង ៖ គ្រោះមហន្តរាយធម្មជាតិកំពុងបង្ករផលប៉ះពាល ដំណាំស្រូវប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងយ៉ាងធ្ងន់ធ្ងរដោយក្នុងនោះស្រុកចំនួន០៨ ដូច​ជា​ ស្រុកបាភ្នំ, កំចាយមារ, ពាមរក៍, ពាមជរ, ព្រះស្តេច, ពារាំង, ពោធិ៍​រៀង និងស្រុកស៊ីធរកណ្តាលដែលបានទទួលរងផលប៉ះពាល់ដោយជំនន់ទន្លេមេគង្គ ធ្វើឲ្យផ្ទៃដីដាំដុះស្រូវ ប្រមាណ ៥២២១ ហិកតារងផលប៉ះពាល់ ក្នុងនោះស្រុកដែលរងផលប៉ះពាល់ ច្រើនជាងគេគឺស្រុកស៊ីធរកណ្តាលក្នុងផ្ទៃដីប្រមាណ ២៩០០ ហិកតា ។

ស្របគ្នានឹងជំនន់ទន្លេមេគង្គនេះ​ ក៏មានដំណាំ ស្រូវនៅក្នុងស្រុកចំនួន៤គឺស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកព្រះស្តេច និងស្រុកបាភ្នំ បែជាជួបគ្រោះរាំងស្ងួតធ្វើឲ្យប៉ះពាល់ ដំណាំស្រូវប្រមាណ ៩៥៦១ហិកតាទៀតផង។

ឆ្លើយតបនឹងបញ្ហាទាំងពីរព្រមគ្នាៗបែបនេះ
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចុះជួយបូមទឹកបញ្ចូលស្រែជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ធ្វើសង្រ្គោះសំណាប សន្ទូងកុំឲ្យរងការរខូចខាតដើម្បីដោះស្រាយបញ្ហារាំងស្ងួតនេះ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះជួយទប់ទំនប់ការពារផ្លូវ ក្រាលគ្រោះក្រហមដែលជន់លិចកុំឲ្យបាក់ដីខូចផ្លូវដែរ ។ ក្រៅពី នោះអភិបាលខេត្តព្រៃវែងបានបញ្ជារឲ្យគ្រប់មន្រ្តីទាំងអស់ពិសេសអាជ្ញាធរស្រុកដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទន្លេមេគង្គ ត្រូវពិនិត្យតាមដានសភាពការជាប់ជាប្រចាំ ដោយត្រូវត៊ត្រៀមជានិច្ចក្នុងការងារជួយប្រជាពលរដ្ឋ ដែលរងគ្រោះ ។

បើតាមរបាយការរបស់អាជ្ញាធរខេត្តព្រៃវែងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែសីហា កម្ពស់ទឹកទន្លេមេគង្គនៅតែបន្ត កើនឡើងពោលគឺមានកម្ពស់ ៦,៧២ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,០៦ម៉ែត្រ ខណៈទឹកត្រូវប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នមានកម្ពស់៧,៥ម៉ែត្រ។

ជាមួយនឹងស្ថានភាពទឹកជំនន់ទន្លេមេគង្គនេះ បានប៉ះពាល់ផ្លូវធ្វើដំណើប្រវែងជាង២ម៉ឺនម៉ែត្រ លិចចូលក្រោមផ្ទះប្រជាពលរដ្ឋជាង២ពាន់ខ្នង មណ្ឌលសុខភាពមួយកន្លែង សាលារៀន ១៨កន្លែង ជម្លៀសគោក្របី ទៅរកទទួល សុវត្ថិភាព ៧៧០ ក្បាល៕ (អត្ថបទ ៖ ជិន​ សេងឡុង)