ផ្សារក្នុងខេត្តបាត់ដំបងចំនួន១១ ត្រូវបានបើកឲ្យដំណើរការឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ច បន្ទាប់ពីបានបិទផ្នែកខាងក្នុងផ្សារកន្លងមកនេះ
បាត់ដំបង៖ បន្ទាប់ពីបានបញ្ចប់នូវឱសានវាតរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបានបិទមិនឲ្យមានការលក់ដូរទំនិញ នៅផ្នែកខ្លះខាងក្នុងផ្សារ ឬតួផ្សារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍មួយរយៈពេលកន្លងមកនោះ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានអនុញ្ញាតិឲ្យបើកលក់ដូរធម្មតាឡើងវិញនូវផ្សារចំនួន១១ ស្ថិតក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ក្នុងពេលចុះពិនិត្យការបើកលក់ធម្មតាតាមផ្សារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ផ្សារត្រូវបានបើកឲ្យលក់ដូរឡើងវិញ មាននៅក្នុងក្រុងបាត់ដំបងចំនួន៨ នៅស្រុកថ្មគោលចំនួន២ និងនៅស្រុកមោងឫស្សីចំនួន១ រួមមានផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្សរា(ផ្សារលើ) ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិវង្ស ផ្សារទំនើបភួ ពុយ ផ្សារមោងប្ញស្សី ផ្សារថ្មីថ្មគោល ផ្សារឃុំជ្រៃ ដែលការបើកលក់ធម្មតាឡើងវិញនេះ តម្រូវឲ្យអាជីវករទាំងអស់ ត្រូវអនុវត្តនូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។
លោកបានបន្តថា មុននឹងបើកឲ្យលក់ដូរនេះ អាជ្ញាធរបានធ្វើការបោសសំអាត បាញ់ថ្នាំសម្លាប់មេរោគ ហើយនៅថ្ងៃទី២៩មេសានេះ ក្រុមអាជីវករតូបរបស់ពួកគាត់ ត្រូវបានបិទកន្លងមក ក៏បាននាំគ្នាមកបើកតូចលក់វិញហើយផងដែរ ។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបាត់ដំបង បានចេញនូវសេចក្តីណែនាំបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) ក្នុងក្រុងបាត់ដំបងចំនួន៨ គឺមានផ្សារបឹងឈូក, ផ្សារធំបាត់ដំបង (ផ្សារណាត់), ផ្សារលើ, ផ្សាររោងល្ខោន, ផ្សារវត្តលៀប, ផ្សារពោធិ៍វង្ស, ផ្សារ១៣មករា (ផ្សារថ្មី) និងផ្សារទំនើបភួពុយ។ នៅស្រុកថ្មគោលចំនួន២ គឺផ្សារថ្មគោល និងផ្សារឃុំជ្រៃ និងនៅស្រុកមោងឫស្សីបិទផ្សារមួយ គឺផ្សារមោង ដោយតម្រូវឲ្យផ្សារទាំងអស់នេះ លក់បានតែបន្លែ ត្រី សាច់ ផ្លែឈើ និងរបស់ចាំបាច់មួយចំនួនទៀត ៕
ដោយ ឡាច សុគន្ធាវី







