៣ថ្ងៃហើយ សមត្ថកិច្ចនៅមិនទាន់រកឃើញមន្ត្រីកងរាជអាវុធហត្ថ ដែលចាក់អតីត ប្រពន្ធ ខ្លួនរបួសធ្ងន់នៅឡើយទេ ខណៈមានការប្រកាសផ្តល់រង្វាន់ សម្រាប់ការ ផ្តល់ព័ត៌មានពីជនរូបនេះ
កំពង់ធំ៖ អស់រយៈពេល៣ថ្ងៃមកហើយ ដែលមន្ត្រីអាវុធហត្ថខេត្តកំពងធំ ឈ្មោះ ស្រ៊ន ពេជ្ររស្មី បន្តរួចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពចាក់អតីតប្រពន្ធរបស់ខ្លួនបណ្តាលឱ្យរបួសធ្ងន់(ចំដៃឆ្វេងពីរកាំបិត ខាងស្តាំពីរកាំបិត និងកញ្ចឹងកមួយកាំបិត) ទោះជាមានការប្រកាសផ្តល់រង្វាន់ សម្រាប់ការផ្តល់ព័ត៌មានពីជនរូបនេះក៏ដោយ។
ទាក់ទងនឹងករណីនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យកម្លាំងអាវុធហត្ថជំនាញស្រាវជ្រាវ តាមចាប់ខ្លួនមន្ត្រីអាវុធហត្ថរូបនេះផងដែរ។ លោក បានបញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ក្នុងផេកផ្លូវការរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនសង្ស័យ ឈ្មោះ ស្រ៊ន ពេជ្ររស្មី សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬរាយការណ៍ទៅលេខទូរស័ព្ទរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ តាមរយៈលេខ ០៩៧ ៧៧៧ ៧៧៧៦, ០៩៧ ៥៤៥ ៥៥៥៥, ០៩៦ ៦១៦ ៦៦៦៦, ០១៧ ៧៧៧ ៩៩៨, ០៦៨ ៧៦២ ២២២, ០១២ ៧៧១ ៩០៩។
សូមជម្រាបថា អំពើហិង្សាមួយបានកើតឡើង នៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ ចំណែកជនសង្ស័យអតីតស្វាមីរត់គេចខ្លួន។ ក្នុងករណីនេះ ស្ត្រីរងគ្រោះឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំ បានបញ្ជាក់ថា ជនសង្ស័យជាអតីតប្តី មានឈ្មោះ ស៊្រុន ពេជ្ររស្មី មានអាយុ៣៦ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ដំបូងឡើយជនបង្ក ស្រ៊ុន ពេជ្ររស្មី មកឈប់ម៉ូតូមុខតូប ហើយស្រែកសួរថា «កូន នៅឯណា? នៅជាមួយអ្នកណា?»។ នាងបានប្រាប់ថា«កូននៅគេងក្នុងផ្ទះមិនទាន់ក្រោកទេ នៅជាមួយម៉ាក់(ម្តាយជនរងគ្រោះ) និងជាងម្នាក់ទៀត កំពុងលាបថ្នាំផ្ទះ»។ ភ្លាមនោះជនសង្ស័យបានទាញកាំបិតមកប្រហារលើរូបនាងតែម្តង ដូចមានចេតនាទុកមុន ហើយស្រែកថា «ហេតុអីបានជាឱ្យគេចូលបន្ទប់មិនសុំការអនុញ្ញាត ពីគេជាមុនសិន?»៕