រដ្ឋបាលខេត្តកំពង់ឆ្នាំង អនញ្ញាតឲ្យបើកដំណើរការឡើងវិញរោងចក្រហឺរ៉ាយហ្សិន នៅឃុំលង្វែក ស្រុកកំពង់ត្រឡាច
អត្ថបទ៖ ហឹង ចូច
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបញ្ចប់ការបិទខ្ទប់ និងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ រោងចក្រហឺរ៉ាយហ្សិន អៅដរ ខេមបូឌា ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ តទៅ។
ស្របគ្នាជាមួយនឹងការបើកដំណើរការឡើងវិញនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានណែនាំឲ្យម្ចាស់រោងចក្រ កម្មករកម្មការនីទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការ ការពារ របស់ក្រសួងសុខាភិបាល គឺ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្ន រោងចក្រហឹរ៉ាយហ្សិន អៅដរ ខេមបូឌា (HORIZON OUTDOOR CAMBODIA CO.,LTD) ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយពេល២សប្តាហ៍។
ការបិទជាបណ្តោះអាសន្នរោងចក្រនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងជួរបុគ្គលិក និងកម្មករក្នុងរោងចក្រនេះ៕
