ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មផ្តើមកសាងគោលនយោបាយដំឡូងមី

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រំពឹងថា កម្ពុជានឹងមានផលិតផលថ្មីៗទៀតសម្រាប់លក់ចែកចាយទីផ្សារក្នុងស្រុក និង នាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងថ្ងៃអនាគត ដោយផ្តើមចេញពីការប្រើប្រាស់វត្ថុធាតុដើមពីម្សៅដំឡូងមី ដែលក្រុមហ៊ុនរបស់ប្រទេសចិនចាប់ផ្តើមវិនិយោគលើការអភិវឌ្ឍកែច្នៃម្សៅដំឡូមី។


ក្រោយពីពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Green Leader និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ សម្រាប់អនុវត្តគម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា ដែលបានធ្វើឡើងនៅក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកយកព័ត៌មានថា ដំឡូងមីគឺជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតចេញជាផលិតផលផ្សេងៗទៀត មានទាំងឥន្ធនៈ និង ម្ហូបអាហារ ដូចនេះការអភិវឌ្ឍន៍ដំឡុងមីផ្តល់នូវភាពចាំបាច់សម្រាប់បង្កើនចំណូលដល់ប្រជាកសិករដែលពឹងផ្អែកលើការដាំដុះដំឡូងមី។


ប្រសាសន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង កម្មវិធីអង្គការសហប្រជាជាតិ UNDP និង ក្រុមហ៊ុន Green Leader រួមគ្នាអភិវឌ្ឍដំឡូងមី តាមរយៈភាពជាដៃគូរវាងឯកជននិងសាធារណៈ ដោយមានរយៈពេល៣ឆ្នាំចាប់ពីខែសីហាឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ ដោយមានទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក សម្រាប់កសាងគោលនយោបាយអភិវឌ្ឍន៍ដំឡូងមីនៅកម្ពុជា។


ការដាំដុះដំឡូងមីនៅកម្ពុជាត្រូវគេរាយការណ៍ បានគ្របដណ្តប់លើផ្ទៃដី៦សែនហិកតា និង ផ្តល់ទិន្នផលប្រចាំឆ្នាំប្រមាណពី១៤ទៅ១៥លានតោនក្នុង១ឆ្នាំ។ ដំឡូងមីស្រស់ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសថៃ៦០% ហើយ ទីផ្សារវៀតណាមស្រូបយកប្រមាណ៤០%។(អត្ថបទ រ៉ាន់ រើយ)