អាជ្ញាធរ សម្រេចផ្អាកដំណើរការរោងចក្រ ពូចិន មួយសប្តាហ៍ ដើម្បីធ្វើតេស្តកូវីដ-១៩លើកទី២លើកម្មករទាំងអស់
កំពត៖ យោងតាមការឱ្យដឹងពីមន្ត្រីជំនាញ បានឱ្យដឹងថា ក្រុមហ៊ុន ពូចិន ត្រូវបានសម្រេចឱ្យផ្អាកដំណើរការរោងចក្ររយៈពេល ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីធ្វើតេស្តកូវីដ-១៩ លើកម្មករទាំងអស់ជាលើទី២។ បន្ទាប់ពីនេះ រោងចក្រនឹងបើកដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីពិនិត្យរួច។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ឹង ប៉ោហេង បានឱ្យដឹងថា រោងចក្រ ពូចិន (ខេមបូឌា) ខូអិលធីឌី ដែលស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានកម្មករសរុបចំនួន ៥.៣៥៩នាក់ បានសម្រេចផ្អាកដំណើរការរោងចក្រមួយសប្តាហ៍ ក្រោយពេលលទ្ធផលធ្វើតេស្តកូវីដ-១៩ លើកម្មករ ហើយមានអ្នកវិជ្ជមានច្រើន ទើបរោងចក្រសហការជាមួយរដ្ឋបាលស្រុកកំពង់ត្រាច ដើម្បីធ្វើតេស្តលើកម្មករទាំងអស់តែម្តង។
លោកបានបញ្ជាក់ថា ការធ្វើតេស្តលើកទី១ លើកម្មករក្នុងរោងចក្រទាំងអស់បានបញ្ចប់មុនថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ហើយការធ្វើតេស្តលើកទី២ លើកម្មករទាំងអស់នឹងត្រូវធ្វើឱ្យបានមុនថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ គឺមុនពេលដែលកម្មករចូលធ្វើការធម្មតាវិញ។ បើសិនលទ្ធផលធ្វើតេស្តវិជ្ជមាន ក្រុមហ៊ុននឹងបញ្ជូនកម្មករឱ្យទៅសម្រាកព្យាបាល រីឯអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលបើធ្វើតេស្តទៅអវិជ្ជមាន នោះក្រុមហ៊ុននឹងឱ្យធ្វើចត្តាឡីស័ក នៅផ្ទះរៀងខ្លួនចំនួន ១៤ថ្ងៃ ទើបតម្រូវឱ្យចូលធ្វើការធម្មតាវិញ៕
អត្ថបទ៖ វង្ស សុធារម្យ




