ព័ត៌មានជាតិ

សមាជិកក្រុមប្រឹក្សាខេត្តម្នាក់ បានស្លាប់ដោយសារមេរោគកូវីដ១៩​ នៅខេត្តស្ទឹងត្រែង

image

អត្ថបទ៖ ម៉ាក មេត្តា

ស្ទឹងត្រែង៖ លោក ថាក់​ ខាំតាន់​ អាយុ៧២ឆ្នាំ​ ជាសមាជិកក្រុមប្រឹក្សាខេត្ត បានទទួលមរណភាព​ ដោយសារជំងឺកូវីដ១៩។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្តដែលចេញយប់នៅថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២១។ 

លោក ថាក់​ ខាំតាន់​ បានទទួលមរណភានៅគេហដ្ឋានរបស់លោក​ ក្នុងភូមិកោះសំពាយ​ ឃុំកោះសំពាយ​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង​  កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១៣​ ខែកក្កដា​  លុះដល់ថ្ងៃទី១៤​ ខែ​ ឆ្នាំដដែល​ សពរបស់លោកថាក់​ ខាំតាន់​ ត្រូវបានរកឃេីញថា មានផ្ទុកមេរោគកូវីដ១៩​ ក្រោយពីយកសំណាកទៅធ្វេីតេស្តនៅភ្នំពេញ។ 

ចាប់តាំងពីផ្ទុះកូវីដរហូតមកដល់ពេលនេះ​ ខេត្តស្ទឹងត្រែង ទេីបតែមានអ្នកស្លាប់លេីកទី១ ដោយសារមេរោគកូវីដ១៩​ គឺលោក ថាក់​ ខាំតាន់​។ 

តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបានឲ្យដឹងបន្ថែមទៀតថា​ នៅថ្ងៃទី១៤​ ខែកក្កដានេះ​ ក៏មានមនុស្សចំនួន ៥នាក់ផ្សេងទៀត ត្រូវបានរកឃេីញថា មានឆ្លងមេរោគកូវីដ១៩​ ក្នុងនោះ មានស្រី ១នាក់ផងដែរ។ 

រហូតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងសរុប ៤៣៧នាក់​ ស្ត្រី១៩៦នាក់​ ជាសះស្បេីយ ១៥៦នាក់​ កំពុងសម្រាកព្យាបាល ២៨១នាក់​ និងស្លាប់១នាក់៕