ព័ត៌មានជាតិ

ក្រុមឈ្មួញ នៅតែសម្រុកដឹកបារី ចេញតាមច្រករបៀងភ្នំក្រហម ខណៈអាជ្ញាធរខេត្ត ថាជាសកម្មភាពខុសច្បាប់

image

អត្ថបទ ៖  ប៉េស សារី 

រតនគិរី៖ សមត្ថកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន សូមមិនបញ្ចេញឈ្មោះ បាបប្រាប់ឲ្យដឹងថា មានគោយន្តដឹកបារី បានដឹកចេញពីឃ្លាំងក្នុងក្រុងបានលុង ក្នុងមួយថ្ងៃៗប្រមាណ៣-៤គោយន្ត តែសមត្ថកិច្ចតាមដងផ្លូវ មិនហ៊ានសួរនាំអ្វីនោះទេ ដោយសារមានអ្នកកាងពីក្រោយ។

ប្រភពព័ត៌មានខាងលើបន្តថា ពេលដែលគោយន្តដឹកដល់គោលដៅ មានក្រុមឈ្មួញវៀតណាម ចាំទទួលសាងបន្តចូលទឹកដីគេ ដោយសមត្ថកិច្ចការពារព្រំដែន មិនបានត្រួតពិនិត្យនោះទេ មិនដឹងថាខាងណាមានវិជ្ជមាន ឬអវិជ្ជមាននៃជំងឺកូវីដ១៩។

ប្រភពព័ត៌មានដដែល បញ្ជាក់ឲ្យដឹងទៀតថា បារីដែលត្រូវប៉ាន់នៅទីផ្សារប្រទេសវៀតណាម មានដូចជា បារី៥៥៥, បារីហ្សិត, បារីអ៊ីសេជាដើម។

ទាក់ទិនទៅនឹងការដឹកជញ្ជូនបារី ទៅប្រទេសវៀតណាម តាមច្រករបៀងដោយគ្មានត្រួតពិនិត្យខាងលើនេះដែរ លោក ញ៉ែម សំអឿន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះថា ទំនិញចេញ-ចូលប្រទេសវៀតណាម តាមច្រកអន្តរជាតិមិនខុសទេ តែការដឹកចេញតាមច្រករបៀង គឺខុសហើយ ជាសកម្មភាពលួចលាក់។ 

អ្នកនាំពាក្យរូបនេះ បញ្ជាក់ឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ១៩ចម្លងចូលមកកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១តទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំង២ រួមទាំងនិស្សិត សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេស ពីរាជរដ្ឋាភិបាល៕