ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល ៖ កម្ពុជា នឹងទទួលបានវ៉ាក់សាំង Johnson & Johnson របស់អាមេរិក ១លានដូសតាមរយៈយន្តការកូវ៉ាក

image

ភ្នំពេញ៖ នាពីព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា  កម្ពុជា នឹងទទួលវ៉ាក់សាំង Johnson &Johnson របស់អាមេរិក ចំនួន ១លានដូស តាមយន្តការ Covax របស់អង្គការសុខភាពពិភពលោក។ ប៉ុន្តែលោកស្រី មិនទាន់ដឹងថា វ៉ាក់សាំងអាមេរិកនេះ នឹងមកដល់កម្ពុជា នៅពេលណានោះទេ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការមានប្រសាសន៍បែបនេះ ក្នុងពិធីទទួលនិងពិនិត្យ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ១លានដូសនៅព្រលានយន្តអន្តរជាតិភ្នំពេញ ។

វ៉ាក់សាំង ស៊ីណូហ្វាម ១លានដូស ដែលទើបមកដល់កម្ពុជាថ្ងៃនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ពីក្រុមហ៊ុនចិន។ ព្រមជាមួយគ្នា លោកស្រី យក់ សម្បត្តិ បន្ថែមថា "នៅថ្ងៃទី២៣ ខែកក្កដាស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំង ៣៣២ ០០០ដូស ជាជំនួយទ្វេភាគីពីប្រទេសជប៉ុន។ នៅបំណាច់ខែកក្កដានេះ យើងនឹងទទួលវ៉ាក់សាំងគ្រប់ ២០លានដូស។"

ទន្ទឹមនឹងនោះដែរ លោកស្រី យក់ សម្បត្តិ បន្តថា នៅក្នុងខែសីហា កម្ពុជា នឹងទទួលស៊ីណូវ៉ាក់ ៣លានដូសទៀត និងខែកញ្ញា ទទួលស៊ីណូវ៉ាក់ ២លានដូសទៀត សម្រាប់ត្រៀម ៥លាន សម្រាប់ចាក់ដល់ក្មេងៗ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេស ចាក់វ៉ាក់សាំង បាន ៦ ៣៣៤ ៣៧៨នាក់ ស្មើនឹង ៦៣,៣៤% នៃចំនួនគោលដៅអ្នកចាក់វ៉ាក់សាំង ១០លាននាក់។

សូមបញ្ជាក់ថា វ៉ាក់សាំង ជាវិធីសាស្ត្រដ៏ចាំបាច់ និងសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញការចាក់វ៉ាក់សាំង ជាផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។តាមរយៈផែនការយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់វិធីក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ៕
ដោយ គង់ វណ្ណៈ