ព័ត៌មានជាតិ

វីវរហើយ! វត្តចំនួន៣ នៅខេត្តតាកែវ កំពុងផ្ទុះកូវីដ-១៩ ដោយរកឃើញវិជ្ជមានលើព្រះសង្ឃ សរុប ៨៦អង្គ

image

តាកែវ៖ ជំងឺកូវីដ-១៩ កំពុងផ្ទុះឡើងនៅក្នុងវត្តចំំនួន ៣ ផ្សេងគ្នា នៅស្រុកសំរោង ខេត្តតាកែវ ដែលមានព្រះសង្ឃសរុបចំនួន ៨៦អង្គហើយ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩គឺ វត្តប្រាសាទនាងខ្មៅ វត្តក្បាលសំរោង និងវត្តអង្គប្រិយ៍ ដែលស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ។ នេះបើយោងតាមសេចក្តីជូនដំណឹងដោយរដ្ឋបាលស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។  

ទន្ទឹមនឹងការផ្ទុះជំងឺកូវីដ នៅវត្តចំនួន៣នេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បាននិងកំពុងធ្វើសកម្មដឹកនាំមន្ត្រី ក្រុមគ្រូពេទ្យ ចុះយកសំណាក និងបញ្ជូនព្រះសង្ឃដែលរកឃើញវិជ្ជមាន ទៅព្យាបាល ព្រមទាំងចុះសួរសុខទុក្ខ ប្រគេនចង្ហាន់ និងជំនួយដល់ព្រះសង្ឃ និងពលរដ្ឋដែលបានប៉ះពាល់ផងដែរ។

ក្រៅពីនេះ លោកអភិបាលស្រុក ក៏បានធ្វើការអំពាវនាវដល់ពុទ្ធបរិស័ទ អ្នកពាក់ព័ន្ធ ដែលបានទៅវត្ត ប្រាសាទនាងខ្មៅ វត្តក្បាលសំរោង និងវត្តអង្គប្រិយ៍ ឱ្យរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ ដើម្បីផ្តល់សំណាក និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ៕