រយ:ពេល៦ខែ ឆ្នាំ២០២១ ពលករកម្ពុជា បានវិលត្រឡប់ចូលប្រទេសវិញ មានប្រមាណជាង ៦ម៉ឺននាក់
អត្ថបទ៖ឃឹម វិសាល
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្ហាញថា រយ:ពេល៦ខែនៃការផ្ទុះជំងឺកូវីដ១៩ ឆ្នាំ២០២១នេះ ពោលគិតចាប់ពីខែ មករា ដល់ខែមិថុនា ពលករវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ មានចំនួនជាង ៦ម៉ឺននាក់ ក្នុងនោះ ស្រ្តីមានចំនួនជាង ២៧ពាន់នាក់។
ទោះយ៉ាងណា ចំនួនពលករដែលវិលមកកម្ពុជាវិញ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ មានការថយចុះ ប្រមាណជាង ៤ម៉ឺននាក់ បើធៀបនឹងដើមឆ្នាំ២០២០។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា នៅក្នុងរយ:ពេល៦នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ដោយពិនិត្យឃើញថា មានពលករចំណាកស្រុកត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួនជាង ១៥ម៉ឺននាក់ ដែលក្នុងនោះ មានស្ត្រីជាង៥ម៉ឺននាក់ និង អនីតិជន ជិត៦០០នាក់។
ទន្ទឹមនិងនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៦ បានធ្វើការបង្ការទប់ស្កាត់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់បានចំនួន៨២លើក មានមនុស្សជិត៦០០នាក់ មានស្ត្រី១៩៧នាក់ និងអនីតិជន ៣៤នាក់ ក្នុងនោះរួមមាន ខេត្តបាត់ដំបងចំនួន ៣០លើក ខេត្តកោះកុងចំនួន ២៧លើក ខេត្តបន្ទាយមានជ័យចំនួន ៨លើក តាកែវចំនួន ៩លើក និងខេត្តស្វាយរៀងមានចំនួន៥លើក។
ក្រោយពីបានទទួល និងឃាត់ខ្លួនពលរដ្ឋទាំងនោះ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើកិច្ចសន្យាអប់រំ ណែនាំកុំឲ្យចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសទៀត៕



