ព័ត៌មានជាតិ

ទាំងតម្លៃ និងការផលិតឥដ្ឋធ្លាក់ចុះខ្លាំង នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩នេះ

image

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ បាន និងកំពុងបង្កផលប៉ះពាល់ដល់សិប្បកម្មផលិតឥដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលត្រូវបង្ខំឲ្យម្ចាស់អាជីវកម្មជាច្រើនកាត់បន្ថយការ ផលិតរបស់ខ្លួន រហូតដល់ជាងពាក់កណ្តាលក្នុងពេលដែលខ្សត់អតិថិជនបញ្ជាទិញ។

លោក ឈាង ស៊ុយហ៊ាង តំណាងសហគមអ្នកផលិតឥដ្ឋជាង ១០០សហគ្រាសនៅស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងថា តម្លៃឥដ្ឋឆ្នាំនៅ ២០២១នេះ បានធ្លាក់ចុះខ្លាំងជាងឆ្នាំមុន ដោយបច្ចុប្បន្ននេះឥដ្ឋចំនួនមួយម៉ឺនដុំ មានតម្លៃចន្លោះពី ១៨៥ ទៅ ១៩០ដុល្លារ ខណៈឆ្នាំមុនមានតម្លៃប្រហែលចន្លោះ ២៥០ ទៅ ២៨០ដុល្លារ ពោលគឺធ្លាក់ចុះជាង ១០០ដុល្លារ។

លោកបានបញ្ជាក់ថា ការលក់មិនសូវដាច់ និងតម្លៃថោកផងនោះ វាកំពុងតែក្លាយជាចំណោទបញ្ហា សំខាន់សម្រាប់ម្ចាស់សិប្បកម្មឡឥដ្ឋទូទាំងប្រទេស ដោយពេលនេះកម្មករភាគច្រើន មិនសូវមានការងារធ្វើ រីឯការផលិតឥដ្ឋវិញ មានការថយចុះជាង ៥០ភាគរយ ដែលកាលពីមុនកូវីដការផលិតក្នុង ១ថ្ងៃបាន ៨ម៉ឺនដុំ  ប៉ុន្តែឥឡូវនេះយើងផលិតបានតែចន្លោះពី ៣ ទៅ ៤ម៉ឺនដុំប៉ុណ្ណោះ។ 

ឥដ្ឋគឺសម្ភារដែលមានតម្រូវការដ៏ចាំបាច់សម្រាប់ដំណើរការសាងសង់សំណង់នានា ក៏ប៉ុន្តែការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យគម្រោងវិនិយោគសាងសង់ថ្មីៗមួយចំនួនត្រូវពន្យាពេល ដូច្នេះតម្រូវការផលិតផលនេះក៏មានការថមថយទៅតាមនោះដែរ។

លោក ព្រាប កុយ ម្ចាស់សិប្បកម្មផលិតឥដ្ឋ នៅជិតផ្សារព្រែកព្នៅ នៃរាជធានីភ្នំពេញ បាននិ យាយថា ការផលិតឥដ្ឋនៅសិប្បកម្មរបស់លោកបានធ្លាក់ចុះជាងពាក់កណ្តាល ដោយសារតែអាកាសធាតុមិនអំណោយផល និងការធ្លាក់ចុះនៃការបញ្ជាទិញពីអតិថិជន ក្នុងអំឡុងវិបត្តិកូវីដ១៩ ព្រមទាំងការប្រកួតប្រជែងកាន់តែច្រើនពីសិប្បកម្មក្នុងស្រុក និងក្រៅស្រុក ពិសេសឥដ្ឋនាំចូលពីប្រទេសវៀតណាម។

លោកឲ្យដឹងថា ការលក់ឥដ្ឋនៅសិប្បកម្មរបស់លោកឆ្នាំនេះលក់សូវដាច់នោះទេ ដ្បិតមានការបន្ថយការផលិតកាន់តែតិចក៏ដោយ ដែលខុសពីឆ្នាំមុនផលិតច្រើនជាងឆ្នាំនេះ ហើយលក់ស្ទើរ តែគ្មានសល់។

លោកបានត្អូញត្អែរពីផលលំបាកមួយចំនួននៅក្នុងសិប្បកម្មផលិតឥដ្ឋក្នុងពេលបច្ចុប្បន្នដែលត្រូវរ៉ាងប់រងលើការចំណាយច្រើន ដូចជា ថ្លៃអុស ប្រេង និងថ្លៃឈ្នួលកម្មករកើនឡើង ដែលជាសញ្ញាមិនល្អសម្រាប់អាជីវកម្មនៅក្នុងការលៈទេសៈដ៏លំបាកនេះ៕