កងកម្លាំងយោធាមួកខៀវកម្ពុជាជាង៣០០នាក់ បានចេញដំណើរទៅសាធារណរដ្ឋម៉ាលី
ភ្នំពេញ៖ កងយោធាមួកខៀវកម្ពុជាចំនួនពីរកង បានចេញ ដំណើរទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិ MINUSMA នៅសាធារណរដ្ឋម៉ាលី នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សែមសុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កងកម្លាំងយោធាមួកខៀវចំនួនពីរកងដែលចេញដំណើរទៅកាន់សាធារណរដ្ឋម៉ាលីនាពេលនេះ ជាកងប្តូរវេនសម្រាប់រយៈពេលមួយឆ្នាំតាមការកំណត់របស់អង្គការសហប្រជាជាតិ ដែលចេញដំណើរទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី រួមមាន កងវិស្វកម្មព្រលានយន្តហោះលេខ៩២៧ និងកងកំទេច
គ្រឿងផ្ទុះលេខ២៨៨ សរុបជាង ៣០០នាក់(នារី២៦នាក់)។
នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ ហើយជំហររបស់កម្ពុជាបើទោះបីជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ-១៩ កំពុងមានការវាយលុកដោយកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងយោធាមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
ដោយ៖ មួង សុវណ្ណារិទ្ធ





