អាស៊ានរួមគ្នាដាំកូនឈើនិងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន
អត្ថបទ៖ ជា ស្រស់

សៀមរាប៖ មន្ត្រីស្ថានទូតនានា នៃប្រទេសអាស៊ាន រួមនឹងមន្ត្រីទូតកូរ៉េ និងជប៉ុន បានរួមគ្នាដាំកូនឈើ និងជិះកង់នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន។
កម្មវិធីនេះធ្វើឡើង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះក្រោមការរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ទីក្រុងសៀមរាបត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ នៅក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២២នេះ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីខ្មែរ សម្បូរទៅដោយប្រាង្គប្រាសាទ និងមរតកវប្បធម៌ជាច្រើន ទាំងរូបី និងអរូបី ហើយក៏ជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកបន្តថា ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន។ ការជ្រើសរើសនេះ មានសុពលភាពរយៈពេល០២ឆ្នាំ។

លោកបន្តថាការរៀបចំកម្មវិធីដាំកូនឈើនិងជិះកង់នេះឡើងគ្រាន់តែជាចំណែកក្នុងចំណោមកិច្ចការនានាដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំឡើង ដើម្បីបង្ហាញពីតួនាទីនៃទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២១-២០២២ កម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេននៃកិច្ចប្រជុំលើកទី៩ រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី៩ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២។

សូមបញ្ជាក់ជូនថា ចាប់ពីឆ្នាំ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឲ្យប្រទេសនីមួយៗដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយរបស់ខ្លួនដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ជាមួយគ្នានេះ ទីក្រុងវប្បធម៌អាស៊ាន ដែលធ្លាប់បានជ្រើសរើសកន្លងមករួមមាន១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១។២. ទីក្រុង Singapore នៃប្រទេស សិង្ហបុរី ចាប់ពីឆ្នាំ ២០១២-២០១៣។៣. ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០១៤-២០១៥។៤. ទីក្រុង Bandar Seri Begawan នៃប្រទេសព្រុយណេ ចាប់ឆ្នាំ ២០១៦-២០១៧។៥. ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូណេស៊ី ចាប់ពីឆ្នាំ ២០១៨-២០២០៕





