ប្រធានការិយាល័យភូមិបាលស្រុកស្ទោង ត្រូវបានដកចេញពីតំណែង
អត្ថបទ៖កែម ចិន្តា
កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាក់ប្រាប់ CNC ឲ្យដឹងនៅថ្ងៃទី១២ ខែតុលានេះថា មានការដកតំណែងលោក លឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្ទោង ពិតប្រាកដមែន ដោយបានប្រជុំសម្រេចជាមួយក្រុមប្រឹក្សាស្រុករួចរាល់ហើយដែរ។
សូមជម្រាបថា យោងតាមប្រភពពីសាលាស្រុកស្ទោង បានឲ្យដឹងដែរថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង និងលោក ភន សំហូត ស្មៀនឃុំ បន្ទាយស្ទោង ត្រូវបានប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្រ្តីសាលាស្រុក រួមទាំងប្រជាពលរដ្ឋ ផ្តិតមេដៃឱ្យដកហូតតំណែង ទី១ លោក លឹម ប៊ុនហេង ប្រធានការិយា ល័យភូមិបាលស្រុកស្ទោង មកជាមន្រ្តី និងទី២ លោក ភន សំហូត ស្មៀនឃុំ បន្ទាយស្ទោង មកជាមន្រ្តីបម្រើការងារនៅសាលាស្រុក។ ការដកតំណែងនេះ គឺបណ្តាលមកពីអ្នក ទាំងពីរ មិនមកធ្វើការនៅការិយាល័យ បែរជាយកផ្ទះផ្ទាល់ខ្លួន ធ្វើជាកន្លែងធ្វើការ និងប្រព្រឹត្តអំពើ ពុករលួយ។
ចំណែកប្រភពព័ត៌មានពីការិយាល័យភូមិបាលស្រុកស្ទោង បញ្ជាក់ថា ប្រធានភូមិបាល ស្រុក បានឃុបឃិតគ្នាជាមួយនឹងម្ចាស់សំណងសាងសង់ផ្ទះលើចំណីផ្លូវជាតិលេខ៦ រួមទាំងជាតំបន់ហាមឃាត់ មិនឲ្យសាងសង់ផ្ទះសំបែង ឬសាងសង់សំណង់រឹង ព្រោះជា ចំណី ផ្លូវសាធារណ:។
ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា មានពួកនាយទុនជាច្រើននាក់បានឆ្លៀតឱកាស ក្នុងអាណត្តិលោក លឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្ទោង បានឃុបឃិតប្រព្រឹត្តអំពើពុករលួយ សាងសង់ផ្ទះលើដីហាម ឃាត់ ជាច្រើនគ្រួសារ ដើម្បីបន្តបើកហាងលក់ទំនិញជាបន្តបន្ទាប់ ដែលជាទង្វើខុសច្បាប់ ផ្ទុយ ពីអនុក្រឹត្យណែនាំរបស់រាជរដ្ឋាភិបាល៕






