សន្តិសុខសង្គម

ស្វែងយល់អំពី ករណីគ្រោះថ្នាក់ចរាចរណ៍ និងការដោះស្រាយតាមប្រព័ន្ធច្បាប់ និងការដាក់ទោសទណ្ឌក្រោយបង្កឱ្យមានមនុស្សរបួស និងស្លាប់

image

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាប្រធានបទក្តៅនៅឡើយសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន តែក្រោយផ្ទុះឡើយនូវជំងឺកូវីដ-១៩ បានសង្កេតឃើញថា មានការថយចុះបន្តិច ដោយសារតែមានបម្រាមគោចរ និងវិធានការរដ្ឋបាលរបស់អាជ្ញាធរ ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ទោះយ៉ាងនេះក៏ដោយ មួយរយៈពេលចុងក្រោយនេះ ពោលគឺ ក្រោយការបើកបម្រាមគោចរឡើងវិញ បានសង្កេតឃើញថា នៅក្នុងរាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងច្រើនគួឱ្យចាប់អារម្មណ៍ និងបណ្តាលឱ្យមានអ្នកស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ។


គ្រោះថ្នាក់ចរាចរណ៍ ត្រូវបានគេទុកជាឃាតករទីមួយដែលបានឆក់យកអាយុជីវិតប្រជាពលរដ្ឋខ្មែរច្រើនជាងគ្រោះថ្នាក់ដែលបណ្តាលមកពីកត្តាផ្សេងៗទៀត ហើយគ្រោះថ្នាក់ចរាចរក៏បានបំផ្លាញថវិកាជាតិអស់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ជាពិសេសការចំណាយទៅលើសេវាសុខាភិបាល។ តាមការស្រាវជ្រាវអ្នកដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺជាយុវជន ដែលកំពុងពេញកម្លាំងពលកម្ម និងចូលរួមកសាងប្រទេសជាតិ ដែលកត្តានេះជំរុញឱ្យផែនការកាត់បន្ថយភាពក្រីរបស់រាជរដ្ឋាភិបាលជួបឧបសគ្គយ៉ាងខ្លាំង។ ក្រៅពីនេះ គ្រោះថ្នាក់ចរាចរ ក៏បានបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិផងដែរ ទោះជារាជរដ្ឋាភិបាល បាននិងកំពុងខិតខំរកគ្រប់វិធីដើម្បីទប់ស្កាត់ហើយក៏ដោយ។


ចំពោះនីតិវិធីនៃការដោះស្រាយករណីគ្រោះថ្នាក់ចរាចរ ប្រជាពលរដ្ឋភាគច្រើននៅមិនទាន់បានយល់ដឹងពីដំណោះស្រាយជាមួយគ្នារវាងយានយន្តផ្សេងៗ ក៏ដូចជាបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនីមួយៗនៅឡើយទេ។


លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យខូចខាតតែសម្ភារ បើយោងតាមមាត្រា៣៦ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់កើតឡើងបណ្តាលឱ្យខូចខាតតែទ្រព្យសម្បត្តិ ភាគីពាក់ព័ន្ធអាចសម្រួលគ្នាបានដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកឡើយ។ ចំពោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានរបួស បើយោងតាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០រៀល ទៅ ១០.០០០.០០០រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម)នៃក្រមព្រហ្មទណ្ឌ។


អំពើល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០រៀល ទៅ១៥.០០០.០០០រៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចជាបើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ចំណែកការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ និងបណ្តាលឱ្យមានរបួសមនុស្សច្រើននាក់ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។


លោកឧត្តមសេនីយ៍ត្រី ថី វិសាល បានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្សស្លាប់ យោងតាមមាត្រា៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០. ០០០រៀល ទៅ ១៥.០០០.០០០រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។ អំពើល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០.០០០.០០០រៀល ទៅ ២៥.០០០.០០០រៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីបើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត ការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ និងបើកបរបណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។


សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរកើតឡើងសរុប ១.២៦១លើក (យប់៥៤ភាគរយ) បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៧០៩នាក់ និងរបួសចំនួន ១.៧៩២នាក់(ធ្ងន់១.០៤៦នាក់)។ ចំពោះមូលហេតុដែលបង្កគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ ២៣ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង ៨ភាគរយ បត់៩ភាគរយ កត្តាយាន ៣ភាគរយ ស្រវឹង ៣ភាគរយ និងសភាពងងុយដេក១ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកបើកម៉ូតូចំនួន ៧៨ភាគរយ(៥៥៥/៧០៩) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩ភាគរយ (៣៨៥/៥៥៥)។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ មានចំនួន ៣៤០លើក ខេត្តកណ្តាលចំនួន ៨៦លើក និងខេត្តស្វាយរៀងចំនួន ៧៧លើក។

សម្រាប់ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរថយចុះចំនួន ៣៥៨លើក ស្មើនឹង ២២ភាគរយ (១២៦១/១៦១៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើនឹង ១៨ភាគរយ (៧០៩/៨៦១នាក់) និងចំនួនអ្នករងរបួសថយចុះ ៦៥៧នាក់ ស្មើនឹង ២៧ភាគរយ (១៧៩២/២៤៤៩នាក់)៕



អត្ថបទ៖ ឃឹម វិសាល