សង្គម

សមត្ថកិច្ច សម្រេចដោះលែងអ្នកសារព័ត៌មាន២នាក់ បន្ទាប់ពីសុំទោសថ្នាក់ដឹកនាំជាសាធារណៈ ក្រោយផ្សាយព័ត៌មានញុះញង់ ក្នុងករណីចាប់ខ្លួនមនុស្ស៤នាក់រំលោកដីធ្លី

image


កំពត៖ សមត្ថកិច្ច បានសម្រេចដោះលែងអ្នកសារព័ត៌មានចំនួន ២នាក់ បន្ទាប់ពីពួកគេព្រមទទួលកំហុស និងបានធ្វើការសុំទោសថ្នាក់ដឹកនាំជាសាធារណៈ ចំពោះមុខ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ព្រមទាំងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈការផ្សាយផ្ទាល់នៅមុខសាលាខេត្តកំពត។ អ្នកសារព័ត៌មានទាំងពីរនាក់ឈ្មោះ សាយ សុភា អាយុ ២៤ឆ្នាំ និង ឈ្មោះ អ៊ីង ធឿន អាយុ ២៧ឆ្នាំ អ្នកទាំងពីរនាក់ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ក្នុងការបង្ក្រាបបទល្មើសជាក់ស្តែងនោះ សមត្ថកិច្ចបានសុំគោលការណ៍ឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតដើម្បីប្រតិបត្តិការជាមូលដ្ឋាន។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារថា នៅវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពត បានឃាត់ខ្លួនអ្នកសារព័ត៌មាន LSN TV ពីរនាក់។ មូលហេតុដែលនាំឱ្យមានការឃាត់ខ្លួន ព្រោះតែអ្នកទាំងពីរមកផ្សាយផ្ទាល់នៅមុខសាលាខេត្តកំពត ដោយបានវាយប្រហារលើចំណាត់ការកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទាំងមិនបានទំនាក់ទំនងសួរនាំឱ្យបានច្បាស់លាស់ជុំវិញករណីឃាត់ខ្លួនជនសង្ស័យបួននាក់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ការផ្សព្វផ្សាយដោយមិនមានតុល្យភាពនេះ នឹងធ្វើឱ្យសាធារណៈជនភាន់ច្រឡំ ក៏ដូចជាអរិយភាពលើកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទៀតផង។ ការផ្សព្វផ្សាយបែបញុះញង់ធ្វើឡើងដោយអ្នកសារព័ត៌មានទាំងពីរ បានជំរុញឱ្យបង្កើនសកម្មភាពទន្ទ្រានកាន់កាប់ដោយខុសច្បាប់លើដីដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ ទង្វើទាំងនេះមានចេតនាញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្តឹងបរិហាកេរ្តិ៍ដែលមានចែងក្នុងមាត្រា៤៩៥ និងបរិហារបង្កាច់កេរ្តិ៍ដែលមានចែងក្នុងមាត្រា៣១១នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទ៖ វង្ស សុធារម្យ