កុមារជិត៥០០នាក់ នៅខេត្តកែប ទទួលបានសម្ភារសិក្សាក្នុងទិវាកុមារកម្ពុជា
កែប៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានរៀបចំចែកសម្ភារសិក្សាជូនដល់ កុមារា-កុមារី ចំនួន៤៨៨នាក់ មកពីសាលាចំនួន ៣ ក្នុងឱ្យកាសអបអរសាទរខួបលើកទី៧២ នៃទិវាកុមារ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆការ ឆ្នាំ២០២១។ សាលាទាំង៣នោះគឺ សាលាបឋមសិក្សា ហ៊ុន សែន ភ្នំលាវ សាលាបឋមសិក្សាត្រពាំងឈូក និងសាលាបឋមសិក្សា ហ៊ុន សែន កែវក្រសាំង។
លោក ស្រី សាម៉ន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកែប បានលើកឡើងថា ទិវាកុមារអន្តរជាតិ ១មិថុនា ជាទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ដើម្បីរំលឹកដល់ការអនុវត្តនូវសិទ្ធិជាមូលដ្ឋានរបស់កុមារ ជាពិសេសក្នុងគោលបំណងបញ្ឈប់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថាននានា វិស័យនេសាទសមុទ្រ និងស្រែអំបិល ជាដើម។
ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ប្រទេសកម្ពុជា បានឆ្លងកាត់មហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្ករឡើងដោយរបបប្រល័យពូជសាសន៍ប៉ុលពត បានកាប់សម្លាប់ប្រជាជនកម្ពុជា រួមទាំងកុមាររាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីស្ទើរគ្មានសល់។
បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំកសាងប្រទេសជាតិឡើងវិញ ធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព សន្តិភាព ជាពិសេសសិទ្ធិកុមារកម្ពុជាត្រូវបានលើកកម្ពស់។ កុមារដែលបានចុះឈ្មោះ ចូលរៀនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ថែមទាំងទទួលបានសិទ្ធិជាមូលដ្ឋានទាំងបួនរបស់កុមារ មានសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម។
កន្លងមកដោយសារមានការរីករាលដាលជំងឺកូវីដ-១៩ពេញពិភពលោក បានធ្វើឱ្យការសិក្សារបស់កុមារទាំងអស់ ត្រូវបានផ្អាក និងប្តូរមកសិក្សាតាមប្រព័ន្ធអនឡាញវិញ។ ទោះយ៉ាងនេះក្តី ការសិក្សាតាមប្រព័ន្ធអនឡាញ កុមារមិនអាចទទួលបាននូវចំណេះដឹងពេញលេញទេ តែនៅចុងឆ្នាំ២០២១ សាលារៀនអាចដំណើរការឡើងវិញ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ទាំងអស់នេះបង្ហាញអំពើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើកុមារនៅកម្ពុជា ព្រោះកុមារជាជាទំពាំងល្អដែលកំពុងពេញក្រេបយកនូវជីវជាតិ។ ដូច្នេះ ត្រូវតែនាំគ្នាជំនះតស៊ូរាល់ឧប្បស័គ្គគ្រប់បែបយ៉ាង ដើម្បីជំរុញកុមារឱ្យក្លាយទៅជាឫស្សីល្អ។ នេះជាការលើកឡើងដោយ លោក សោម ពិសិដ្ឋ៕
អត្ថបទ៖ ង៉ុង សាន់


