សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី គាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន -ចិន
ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍លើក ទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន -ចិននៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន -ចិន ដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញ របស់ លោកស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាននៃកិច្ចប្រជុំនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស នៅរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ ២០២១នេះ។
កិច្ចប្រជុំកំពូលពិសេសនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលឡើងវិញនូវសមិទ្ធផលសំខាន់ៗ នៅក្នុងគ្រប់វិស័យនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ជាង៣០ឆ្នាំកន្លងមកនេះ ចាប់តាំងពីឆ្នាំ១៩៩១ មក។
ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ ជ្រុង ជ្រោយ ដោយការទទួលស្គាល់ថា ទំនាក់ ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនងដែលប្រកប ដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក នឹងបានរួមចំ ណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។

លោកប្រធានាធិបតី ស៊ី ជីនពីង បានដាក់សំណើ ដែលមានប្រាំចំណុច ដើម្បីពង្រឹងទំនាក់ ទំនង អាស៊ាន-ចិន រួមមាន ១) កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជាស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហ ប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។
២) កសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្តេជ្ញាចិត្តរបស់ចិនដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
៣) កសាងផ្ទះមួយដែលមានវិបុលភាពជាមួយគ្នា ខណៈចិន នឹងផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់ ១,៥ ប៊ីលានដុល្លាអាមេ រិក សម្រាប់រយៈពេល៣ឆ្នាំនិងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផល ប្រយោជន៍ពេញលេញពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានកែ សម្រួលរួចនិងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ។
៤) កសាងផ្ទះដ៏ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយលើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុង ចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ និង ៥) កសាងផ្ទះមួយដែលប្រកបដោយមេត្រីភាពជា មួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេស ចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង។
សម្រាប់បញ្ហាសន្តិសុខ-នយោបាយ ថ្នាក់ដឹកនាំអាស៊ាន-ចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះពហុភាគីនិយម និងការថែរក្សាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ដែលបើក ចំហ និងប្រកបដោយបរិយាប័ន្ន។
អាស៊ានបានសម្តែងការកោតសរសើរចំពោះចិនដែលបានគាំទ្រដល់មជ្ឈភាព អាស៊ាន និងតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត ដើម្បីឆ្លើយតបទៅនឹងការប្រឈមរបស់តំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាក់ព័ន្ធនានា ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដើម្បីអភិវឌ្ឍជំនឿទុកចិត្តជាយុទ្ធសាស្រ្តដែលបានលើកកម្ពស់រួច និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅក្នុង ចំណោមប្រទេសនានានៅក្នុងតំបន់។

នៅក្នុងការដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំបានប្តេជ្ញាពង្រឹងកិច្ចសហ ប្រតិបត្តិការអាស៊ាន-ចិន ក្រោយជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង រួមទាំងតាមរយៈការគាំទ្រក្របខ័ណ្ឌស្តារឡើង វិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) ផងដែរ។ ថ្នាក់ដឹកនាំបានចែករំលែកទស្សនៈដែលថា ការផ្ដល់សច្ចាប័ន និងការអនុវត្តភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឱ្យបានឆាប់ រហ័សនឹងពន្លឿនដល់ការស្តារសេដ្ឋកិច្ចឡើង វិញ។
ថ្នាក់ដឹកនាំអាស៊ាន និងចិន ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ភាពជាដៃគូ អាស៊ាន-ចិន ដល់កម្រិតថ្មី តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុង វិស័យនានា ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំ លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់សន្តិភាព សន្តិសុខ វិបុល ភាព និងនិរន្តរភាព។ ក្នុងចំណោមវិស័យផ្សេងៗទៀត ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើកិច្ចសហការគ្នាក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក សន្តិសុខអ៊ីនធឺណិតនិងទិន្នន័យ ភាពជាដៃគូកាន់តែជិតស្និទ្ធក្នុងវិស័យវិទ្យាសាស្ត្រ ការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចេកវិទ្យាថាមពលថ្មី និងការវិនិយោគបៃតង ការអប់រំ ទេស ចរណ៍ និងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជា ជន។
នៅក្នុងកិច្ចប្រជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចិនចំពោះការសម្រេចបាននូវគោល ដៅ អភិវឌ្ឍន៍ជាតិរបស់ខ្លួន ក្នុងការកសាងសង្គមមួយប្រកបដោយវិបុលភាពក្នុងកម្រិតមធ្យម និងវឌ្ឍនភាព ប្រកបដោយស្ថិរភាព ឆ្ពោះទៅរកគោលដៅសតវត្សរ៍ទីពីររបស់ខ្លួន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ចិន ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ការធ្វើឱ្យមានភាពរស់រវើកឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ច -សង្គមនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងពិភពលោកទាំងមូល។
សម្តេចតេជោ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ព្រោះថា គំនិតផ្តួចផ្តើមនេះ នឹងក្លាយជាការគាំទ្រដ៏សំខាន់មួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច-សង្គម ក្រោយពីជំងឺកូវីដ-១៩ និងការលើកកម្ពស់សិទ្ធិ មនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ សម្តេចតេជោ បានសម្តែងក្តីសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងបំពេញ បន្ថែម និងគាំទ្រដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។

ចំពោះវិស័យសេដ្ឋកិច្ច សម្តេចតេជោនាយករដ្ឋ មន្ត្រី បានលើកទឹកចិត្តដល់ចិន ឱ្យគាំទ្រដល់ការចាប់ផ្តើមឡើងវិញនៃការធ្វើដំណើររវាងអាស៊ាន និងចិន ដើម្បីពង្រឹង និងលើកកម្ពស់វិស័យទេស ចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវ ការក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការបន្ស៊ីគ្នារវាងផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ សម្តេចតេជោ បានលើកទឹកចិត្តដល់ភាគីទាំងពីរ អាស៊ាននិងចិន ឱ្យព្យាយាមទាញយកផលប្រយោជន៍ជាអតិបរមាពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងនាំមកនូវវិបុលភាព រួម ស្របតាមចក្ខុ វិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ ២០៣០។
ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈ សំខាន់នៃការថែរក្សាប្រព័ន្ធពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដោះ ស្រាយរាល់បញ្ហាប្រឈមរួមនៅក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី ឈរលើស្មារតីជឿជាក់ និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រផងដែរចំពោះគំនិតផ្តួចផ្តើមដើម្បីអបអរសាទរខួបលើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) នៅឆ្នាំ២០២២៕



ដោយ៖ វង សុភ័ក្ត្រ