សង្គម

ក្រុមហ៊ុនជប៉ុន គ្រោងនឹងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតធំចំនួនពីរទៀតនៅកម្ពុជា

image



ភ្នំពេញ៖ ក្រុមហ៊ុន TPJ របស់ជប៉ុន គ្រោងនឹងចុះមកសិក្សាមើលទីតាំង ដើម្បីបង្កើតរោងចក្របកគ្រាប់ស្វាយចន្ទីចំនួនពីរបន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ និងកំពង់ចាម ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសជប៉ុន និងទីផ្សារផ្សេងទៀត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ CNC ឲ្យដឹងថា ក្រុមហ៊ុន TPJ របស់ជប៉ុន មានរោងចក្របកគ្រាប់ខ្នាតតូចមួយរួចជាស្រេចហើយនៅកម្ពុជា និងមានបំណងបើករោងចក្រធំពីរទៀតនៅកម្ពុជា ខណៈដែលជប៉ុនត្រូវការគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន ១ម៉ឺនតោន ក្នុង១ឆ្នាំ។

លោកបានបន្តថា សព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុនបានទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចហើយពីប្រទេសឥណ្ឌា ដូច្នេះជប៉ុនចង់បង្កើតរោងចក្រនេះឡើង ដើម្បីផ្គត់ផ្គង់ទីផ្សារជប៉ុនដោយផ្ទាល់ ក៏ដូចជា ទីផ្សារទូទៅផងដែរ។ ប៉ុន្តែសម្រាប់ទីផ្សារជប៉ុន នៅក្នុងឆ្នាំ២០២២នេះ គ្រោងនឹងបញ្ជាទិញគ្រាប់ស្វាយចន្ទីស្ងួតចំនួន ៣ពាន់តោន ពោលគឺស្មើនឹង ៣០ភាគរយ។

យោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ដោយបញ្ហាជំងឺកូវីដ-១៩ តម្លៃស្វាយចន្ទីស្រស់ធ្លាក់ថ្លៃពីរឆ្នាំជាប់ៗគ្នា ប៉ុន្តែឆ្នាំ២០២១ តម្លៃគ្រាប់ឆៅឡើងបន្តិច ៣០០០រៀលក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករគ្មានឃ្លាំងស្តុកទុកមានការខាតបង់។ ទោះយ៉ាងណា សមាជិក ស.ស.ក ដែលមានឃ្លាំងបានរក្សាទុកគ្រាប់ស្ងួតលក់បានចន្លោះ ៥០០០រៀល ទៅ ៧២០០រៀល ក្នុងមួយគីឡូក្រាម នាអំឡុងខែកញ្ញាឆ្នាំ២០២១។

សូមបញ្ជាក់ថា ដោយសារខ្វះឃ្លាំងសហគមន៍ ស.ស.ក មិនអាចធ្វើតាមតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេសមួយចំនួនបានឡើយ ស្របពេលដែលឃ្លាំងសហគមន៍នេះ ដែលមានទាំងទីតាំងហាលគ្រាប់ត្រូវចំណាយមិនតិចជាង ១លានដុល្លារអាមេរិក មានសមត្ថភាពស្តុកគ្រាប់ស្ងួតចំនួន ៥០០០តោន សម្រាប់ទុកលក់ពេលគ្រាប់ឆៅឡើងថ្លៃ នាខែសីហា ឬកញ្ញា ដូច្នេះ ការលក់គ្រាប់ស្រស់ធ្វើឱ្យកសិករបាត់បង់តម្លៃបន្ថែម តម្លៃតាមឈ្មួញកណ្តាលក្រលុកផងដែរ។

ទិន្នន័យចំនួនចម្ការស្វាយចន្ទីក្រៅផ្លូវការដែលសមាគមស្វាយចន្ទីកម្ពុជា ប្រមូលបានលើផ្ទៃដីដាំដុះចំនួន ១០ខេត្ត ក្នុងចំណោម ២២ខេត្ត ប្រចាំឆ្នាំ ២០២១ មានចំនួន ៤៩១.០៣៣ហិកតា ពោលគឺ ស.ស.ក ប៉ាន់ប្រម៉ាណផ្ទៃដីដាំដុះស្វាយចន្ទី ៨០០.០០០ហិកតា ក្នុងនោះ មានចំនួន ១១៥.០២១ហិកតា។

យោងទៅលើតួលេខពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា ទិន្នផលគ្រាប់ស្រាយចន្ទីរបស់កម្ពុជា លក់ទៅប្រទេសវៀតណាម នៅឆ្នាំ ២០២១ មានប្រមាណ ១.១០០.១១៨តោន ដែលគិតជាទឹកប្រាក់ចំនួន ១,៨៤ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ ចេង ឆហួត