ផ្លូវឡើងទៅកាន់ឧទ្យានជាតិគីរីរម្យប្រមាណ៥គីឡូម៉ែត្រត្រូវបានជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរភ្ញៀវជាតិ-អន្តរជាតិ
កំពង់ស្ពឺ៖ នៅលើកំណាត់ផ្លូវប្រមាណជា៥គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ឡើងទៅកាន់ទីរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ(ឧទ្យានជាតិគីរីរម្យ) ត្រូវបានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺធ្វើការជួសជុល កែលម្អឡើងវិញក្រោយផ្លូវនេះរងនូវការខូចខាត ស្រុតប៉ោងដោយអន្លើៗ។
លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២២ថា មន្ទីរបានដាក់គ្រឿងចក្រជាច្រើនគ្រឿងដើម្បីកែសម្រួលផ្លូវដែលរងការខូចខាត បាក់ស្រុត ប៉ោង បង្កលក្ខណៈលំបាកដល់ការធ្វើដំណើររបស់បងប្អូនជាភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលទៅលេងកម្សាន្តនៅឧទ្យានជាតិគីរីរម្យ។ទន្ទឹមនិងការជួសជុលកែលម្អឡើងវិញនេះ មន្ទីរជំនាញក៏បានធ្វើការពង្រីកផ្លូវឱ្យបានធំទូលាយជាងមុនផងដែរ ប្រយោជន៍ជួយកាត់បន្ថយនូវការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ដោយការវ៉ាជែងមិនគោរពនូវសិទ្ធិអទិភាពនិងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺលោក ស៊ូ ស៊ុន្ធរ៉ា ក៏បានបញ្ជាក់ឱ្យដឹងពីការជួសជុលនេះផងដែរថា កំណាត់ផ្លូវមួយខ្សែនេះមិនមែនក្រាលថ្មម៉ិចនោះទេ គឺក្រុមការងារបច្ចេកទេសយើងបានជួសជុលកន្លែងខូចខាត ស្រុតប៉ោង រួចចាក់កៅស៊ូពីលើ កន្លែងខ្លះចាក់កៅស៊ូ ២ជាន់ កន្លែងខ្លះ ចាក់កៅស៊ូ៣ទៅ៤ជាន់ ដើម្បីអោយផ្ទៃផ្លូវបានល្អ បាត់រលក។ហើយទន្ទឹមនិងការជួសជុល កែលម្អបានជោគជ័យដោយក្រុមការងារជំនាញរបស់មន្ទីររួចមក ក្រោមការអនុញ្ញាតពីក្រសួងសាធារណការនិងដឹកជញ្ជូនរួមជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺមន្ត្រីបច្ចេកទេសក៏បានចុះត្រួតពិនិត្យវាយតំលៃដល់ការងារជួសជុល កែលម្អនេះ ដោយក្នុងនោះក្រុមការងារបច្ចេកទេសបានធ្វើការកោតសរសើរនិងវាយតម្លៃដល់ការខិតខំប្រឹងប្រែងប្រកបដោយគុណភាពនិងប្រសិទ្ធិភាព ដែលធានាដល់ការប្រើប្រាស់ផ្លូវទេសចរណ៍ទៅកាន់រមណីយដ្ឋានធម្មជាតិនេះបានយូរអង្វែង។
ជាមួយនិងការជួសជុល កែលម្អកំណាត់ផ្លូវទៅកាន់រមណីយដ្ឋានធម្មជាតិនេះដែរ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក៏បានបញ្ជាក់ផងដែរពីវឌ្ឍន:ភាពការងារដែលត្រូវបន្តជួសជុល សាងសង់ ថែទាំផ្លូវ ស្ពាន ដែលគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះមន្ទីរបានធ្វើការការងារជួសជុលខួប(២០២១)៖
នូវសមិទ្ធិផលផ្លូវជាតិលេខ៤៤និង
ផ្លូវជាតិ៤៦ចំនួនពីរខ្សែDBSTសម្រេចបាន១០០%
ផ្លូវខេត្តលេខ១៤៣ និងផ្លូវខេត្ត លេខ១៤៤០ ចំនួនពីរខ្សែDBST សម្រេចបាន១០០%និងកំពុងស្ថាបនាស្ពានបេតុងអំពែរភ្នំ សម្រេចបាន៧៥%ហើយគ្រោងអោយរួចរាល់នៅចុងខែកុម្ភ:ខាងមុខ។ ចំពោះការងារថែទាំប្រចាំឆ្នាំ២០២២ ក្រោយផ្លូវជាតិលេខ៤ និង៤១ បានប្រគល់ជូនក្រសួងដើម្បីក្រុមហ៊ុនជួសជុលស្តារឡើងវិញ មន្ទីរក៏ទទួលថែទាំផ្លូវកៅស៊ូ ផ្លូវដីល្បាយ ចំនួន៣០ខ្សែ ទូទាំងខេត្តហើយនៅឆ្នាំ២០២២នេះ និងថែមថ្មីចំនួន៥ខ្សែទៀតផងដែរ។
អត្ថបទ៖ ប៊ុត សារុន









