សង្គម

អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជួលព្រះពុទ្ធបដិមាចំនួន៣អង្គ នៅរួតបាកាណនៃប្រាសាទអង្គរវត្ត

image


សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលព្រះពុទ្ធបដិមាចំនួន ៣អង្គ បន្ថែមទៀត នៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។ ដំណើរការជួសជុលព្រះពុទ្ធបដិមា នៅដើមខែកុម្ភៈ ឆ្នាំ២០២២ គ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន ៥ខែ។

លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និងលាមកសត្វប្រចៀវច្រើន។ ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។

សូមបញ្ជាក់ថា គម្រោងជួសជុលព្រះពុទ្ធបដិមាខាងលើ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ អ្នកជំនាញអភិរក្សចម្លាក់ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលរួចរាល់ជាស្ថាពរនូវព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណដែលមានការខូចខាតទ្រុឌទ្រោម៕