សង្គម

ប្រាសាទលលៃ ដែលមានអាយុកាលជាង១០០០ឆ្នាំ កំពុងធ្វើការជួសជុលឡើងវិញ

image


សៀមរាប៖ ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានដំណើរការជួសជុលថែទាំប្រាសាទលលៃ បន្ទាប់ពីប្រាសាទដែលមានអាយុកាលជាង១ពាន់ឆ្នាំមួយនេះ កំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

លោក សារ៉ាយ គឹមហួល មន្ត្រីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងថា ក្នុងការជួសជុលថែទាំប្រាសាទលលៃនេះ ក្រុមការងារកំពុងយកចិត្តទុកដាក់ជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ជួសជុលពង្រឹងរចនាសម្ពន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្មដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលបន្តនាពេលខាងមុខ។ ចំពោះការងារជួសជុល និងថែទាំនេះ ក្រុមមន្ត្រីជំនាញបានអនុវត្តជាប្រចាំ នៅតាមចំណុចដែលមានហានិភ័យ។

ប្រាសាទលលៃ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះមានតួប៉ម៤ ធ្វើអំពីឥដ្ឋ សង់រៀងជា២ជួរមុខក្រោយនៅលើជើងគ្រឹះដែលមានទទឹង ៨០ម៉ែត្រ និងបណ្តោយ ៩០ម៉ែត្រ។ ប្រាសាទលលៃបានកសាងនៅចុងសតវត្សទី៩ នៃគ្រឹសករាជ៨៩៣ ដោយព្រះបាទយសោវរ័ន្មទី១ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍៕

អត្ថបទ៖ជា ស្រស់