អាជ្ញាធររាជធានីភ្នំពេញ រំលឹកវិធានការទប់ស្កាត់កូវីដ-១៩ ដោយកៅអីអង្គុយមិនឱ្យលើសពី៧នាក់ក្នុងមួយតុសម្រាប់ពិធីនានា

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានក្រើនរំលឹកដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញថា នៅកន្លែងមានមនុស្សប្រមូលផ្តុំផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ កៅអីអង្គុយមិនឱ្យលើសពី៧នាក់ក្នុងមួយតុសម្រាប់ពិធីនានា។ នេះបើយោងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពី ការក្រើនរំលឹកក្នុងការអនុវត្តវិធានការសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញថា ស្ថានភាពវិវត្តន៍នៃមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍ បាននិងកំពុងតែរីករាលដាលរហូតដល់មានកំណើនលេងខបីខ្ទង់ ដែលប្រការនេះគួរឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ តាមការសង្កេតជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួន មានការធ្វេសប្រហែសដោយមិនបានអនុវត្តវិធានការសុខាភិបាលពេញលេញ ដូចជាមិនបានពាក់ម៉ាស មិនរក្សាគម្លាតសុវត្ថិភាព និងមិនបានលាងដៃនឹងអាកុល ឬជែល នៅកន្លែងជួបជុំមនុស្សច្រើនដូចជាមង្គលការ បុណ្យទាន ភោជនីយដ្ឋាន ផ្សារ រោងចក្រ រោងសិប្បកម្ម កន្លែងកម្សាន្តផ្សេងៗ និងតាមទីសាធារណៈជាដើម។ ដូចនេះ ដើម្បីចៀសវាងនូវសោកនាដកម្មនៃការឆ្លងរាលដាលធ្ងន់ធ្ងរទៅក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ដោយចុះណែនាំទីតាំងដែលមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ដូចជានៅតាមទីផ្សារនានា ត្រូវក្រើនរំលឹកប្រធានផ្សារ គណៈកម្មការផ្សារ ឱ្យ ធ្វើការផ្សព្វផ្សាយតាមមេក្រូ ដើម្បីដាស់តឿនអាជីវករ អតិថិជន ចេញ-ចូលផ្សារ ឱ្យពាក់ម៉ាស បាញ់អាកុល ឬជែលលាងដៃ វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាព ពិនិត្យប័ណ្ណចាក់វាំកំសាំង ជាពិសេសត្រូវរំលឹកពីវិធានការការពារ ៣កុំ ៣ការពារ។
ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើន ត្រូវណែនាំឱ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាបាញ់ អាកុល ឬជែលលាងដៃ វាស់កម្តៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញ ក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើបចេញពីតុ។ ទន្ទឹមនេះ ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វាំក់សាំង ឬហួសរយៈពេល៤ខែហើយមិនបានទៅចាក់វាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនអនុញ្ញាតឱ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ។
ក្រៅពីនេះត្រូវធ្វើការក្រើនរំលឹកដល់មន្ត្រីបុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋឱ្យទៅចាក់វាំក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម។
ត្រូវធ្វើការត្រួតពិនិត្យ និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួន ហើយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅឱ្យស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ និងកាត់ផ្តាច់នូវខ្សែចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង និងប្រភេទផ្សេងៗទៀត។ ក្នុងករណីរកឃើញបុគ្គលណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ហើយប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បុគ្គលនោះនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ស្របតាម ប្រការ ២ នៃប្រកាសអន្តរក្រសួងលេខ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ក៏ដូចជា ប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែង៕
