ដ្រូនកសិកម្ម ចាប់ផ្តេីមជំនួសកម្លាំងមនុស្សក្នុងវិស័យកសិកម្មនៅខេត្តកំពង់ស្ពឺណ្តេីៗហេីយ ខណៈខេត្តមួយនេះកំពុងខ្វះកម្លាំងពលកម្ម
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ ដោយសារតែមានអំណោយផលដល់វិស័យឧស្សាហកម្មកាត់ដេរនោះ ក្រុមហ៊ុនរោងចក្រជាច្រេីនត្រូវបានបង្កេីតឡេីងយ៉ាងគំហុក ដែលបានស្រូបទាញយកកម្លាំងពលកម្មពីវិស័យកសិកម្មស្ទេីទាំងស្រុង។ ចំពោះតម្រូវការគម្លាំងពលកម្មមនុស្សនេះ ទោះជាខំទាញយកកម្លាំងពលកម្មពីខេត្តផ្សេងៗក៏ដោយ ប៉ុន្តែនៅតែមិនគ្រប់តម្រូវការ។
ដោយសារបញ្ហានេះ អាជ្ញាធរខេត្តភាគខាងលិចរាជធានីភ្នំពេញមួយនេះ បានរិះរកគ្រប់មធ្យោបាយក្នុងការរកកម្លាំងពលកម្មមកជំនួយឱ្យកម្លាំងកសិកម្ម បន្ទាប់ពីវិស័យឧស្សាហកម្មស្រូបទាញទៅស្ទេីតែអស់ ពិសេសអ្នកដែលមានផ្ទៃដីកសិកម្មធំៗ បានងាកមកប្រេីកម្លាំងម៉ាស៉ីនជំនួយវិញ ថែមទាំងកាត់បន្ថយបានការចំណាយយ៉ាងច្រេីនផងដែរ។
ជាក់ស្តែង លោក ហ៊ាន វណ្ណារិន អាយុ ៣៩ឆ្នាំ ជាកសិករនៅក្នុងភូមិកំប៉េះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានងាកមកប្រេីដ្រូនសម្រាប់មេីលថែទាំដំណាំស្វាយ និងក្រូចឆ្មារលើផ្ទៃដីចម្ការប្រមាណជា ១៣៥ហិកតា។ លោកបានលើកឡើងថា ជាធម្មតាលោកត្រូវចំណាយកម្មករយ៉ាងតិច ៥០នាក់ ដើម្បីថែទាំដំណាំក្នុងចំការនេះ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននៅពេលដែលវិស័យឧស្សាហកម្មមានការរីកចម្រើនខ្លាំងប្រជាពលរដ្ឋបានងាក់ទៅធ្វើជាកម្មករ កម្មការិនីនៅតាមរោងចក្រ សហគ្រាសវិញ ដែលធ្វើឱ្យចម្ការរបស់លោកគ្មានកម្មករមកធ្វើការ។
ជាមួយគ្នានេះ លោក តូច ញ៉ាវ ប្រធានការីគ្រឿងយន្តនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នផ្ទៃដីមួយភាគធំនៃខេត្តកំពង់ស្ពឺត្រូវបានដាំដុះដំណាំកសិកម្ម និងមួយភាគទៀតជារោងចក្រសហគ្រាស។ កន្លងមកកសិករជាម្ចាស់ចំការតែងធ្វើការដាំដុះ និងថែទាំទៅតាមប្រពៃណីដោយប្រើកម្លាំងមនុស្សជាមធ្យោបាយ ប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើបកសិករនៅតាមប្រទេសជឿនលឿនគេបានប្រើប្រាស់គ្រឿងយន្តជំនួសកម្លាំងមនុស្សវិញ។ នេះជាលើកទីមួយហើយដែលកសិករនៅក្នុងស្រុកឱរ៉ាល់បានប្រើប្រាស់នូវគ្រឿងយន្តដ្រូនកសិកម្មជំនួសឱ្យកម្លាំងមនុស្សក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិត និងថែទាំលើស្លឹក ផ្កា និងបាញ់ថ្នាំបំប៉នផ្សេងៗ ដែលការប្រើប្រាស់បង្ហាញពីភាពទំនើប និងទាន់សម័យក្នុងបរិយាការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោក គឹម សាន អគ្គនាយកក្រុមហ៊ុនប្រូហ្វីត លីងឃើរ ខេមបូឌា (PLC)ជាអ្នកនាំចូលដ្រូនកសិកម្មប្រភេទDJI បានលើកឡើងថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងការរីកចម្រើន ដែលបានផ្តល់ឱកាសការងារនៅក្នុងស្រុកជូនដល់ប្រជាពលរដ្ឋយ៉ាងច្រើនដោយមិនបាច់ចំណាកស្រុក។ ជាមួយនឹងឱកាសការងារដ៏សំបូរបែបនេះដែរក៏បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្មដែលនាំឱ្យកម្លាំងពលកម្ម។
ដោយមើលឃើញពីសក្តានុពលនៃខេត្តនេះលើវិស័យកសិកម្ម និងបញ្ហាកង្វះកម្លាំងពលកម្មក្រុមហ៊ុនបានសម្រេចនាំចូលគ្រឿងយន្តប្រភេទដ្រូនកសិកម្មយកលក់ចែកជូនដល់ប្រជាកសិករដើម្បីប្រើប្រាស់លើការស្រោចស្រពជំនួសឱ្យកម្លាំងមនុស្សដែលការនាំចូលមកនេះជាលើកដំបូងសម្រាប់ខេត្តកំពង់ស្ពឺ ជាទឹកដីដ៏មានសក្តានុពល។ ដ្រូនមួយគ្រឿងវាបានប្រតិបត្តិការលើការងារជំនាញរបស់វាដោយជំនួសឱ្យកម្លាំងមនុស្សរាប់រយនាក់ដែលធ្វើឱ្យម្ចាស់ចំណេញបានច្រើនយ៉ាងពិសេសមិនប៉ះពាល់ដល់សុខភាព វាអាចស្រោចស្រព និងបាញ់ថ្នាំសម្លាប់សត្វល្អិតលើដំណាំបានផ្ទៃដីប្រមាណ ១៦ហិកតាក្នុងមួយម៉ោង ហើយមនុស្សត្រឹមតែពីរនាក់ប៉ុណ្ណោះដើម្បីគ្រប់គ្រង និងបញ្ជារវា។
សូមបញ្ជាក់ថា បច្ចុប្បន្នដ្រូនកសិកម្មប្រភេទនេះវាបានក្លាយជាអ្នកឯកទេសក្នុងការបាញ់សម្លាប់សត្វល្អិតដ៏ពេញនិយមសម្រាប់កសិករនៅប្រទេសជឿនលឿន ហើយក៏កំពុងជួយសម្រាលការងារកសិករនៅក្នុងខេត្តកំពង់ស្ពឺដែលកំពុងជួបវិបត្តិកម្លាំងពលកម្មផងដែរ៕
អត្ថបទ៖ ប៊ុត សារុន










