ព័ត៌មានជាតិ

ធនាគារជាតិ ជំរុញការទូទាត់ពាណិជ្ជកម្មប្រើរូបិយ៍វត្ថុជាតិ ជាមួយចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន

image

មន្ត្រីជាន់ខ្ពស់ធនាគារជាតិបានអះអាងថា ធនាគារជាតិនៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ពុំមានគោលនយោបាយលើកទឹកចិត្តឲ្យចរាចរណ៍រូបិយ៍វត្ថុបរទេសនៅទីផ្សារប្រទេសកម្ពុជានោះទេ ដែលក្នុងនោះរាប់បញ្ចូលទាំងប្រាក់ដុល្លារអាមេរិក និងប្រាក់យ៉ន់ចិនផងដែរ។

ការអះអាងបែបនេះ របស់លោកជំទាវ ជា សេរី អ្នកនាំពាក្យ និងជាអគ្គនាយិកាធនាគារជាតិនៃកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅធនាគារជាតិនៃកម្ពុជា កាលពីសម្សិលមិញ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនបកស្រាយភ័ណច្រឡំកាលពីពេលថ្មីៗនេះទាក់ទងនឹងការប្រើប្រាស់ប្រាក់យ៉ន់ចិននៅកម្ពុជា។

លោកជំទាវបញ្ជាក់ថា ធនាគារជាតិ ក៏ដូចជារាជរដ្ឋាភិបាល មានតែគោលនយោបាយជំរុញមានការប្រើប្រាស់ប្រាក់រៀលតែប៉ុណ្ណោះ គឺពុំមានគោលនយោបាយលើកទឹកចិត្តឲ្យមានការប្រើប្រាស់ប្រាក់ដុល្លារបរទេស នៅក្នុងទីផ្សារប្រទេសកម្ពុជាឡើយ ដែលក្នុងនោះរួមទាំងប្រាក់យ៉ន់ចិនផងដែរ។ ប៉ុន្តែធនាគារជាតិគាំទ្រចំពោះការដាក់ឲ្យប្រើប្រាស់ប្រាក់យ៉ន់ចិន ក្នុងប្រព័ន្ធធនាគារ ពោលគឺសម្រាប់ធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។

លោកជំទាវថ្លែងទៀតថា បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា ក៏កំពុងជំរុញឲ្យមានការទូទាត់ពាណិ ជ្ជកម្មដោយប្រើរូបិយ៍វត្ថុជាតិរៀងៗខ្លួន រវាងកម្ពុជា ជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។

ឧទាហរណ៍ថា ក្នុងពេលពាណិជ្ជករកម្ពុជាទិញទំនិញនាំចូលពីចិន ពួកគេអាចប្តូរយកប្រាក់យ៉ន់ដើម្បីទូទាត់។ ចំណែក ពេលពាណិជ្ជករចិនទិញទំនិញនាំចេញពីកម្ពុជា ទៅចិនពួកគេអាចប្តូរប្រាក់រៀលដើម្បីទូទាត់ទំនិញ។ តែសម្រាប់ការទូទាត់ទំនិញរាយនៅក្នុងស្រុក ធនាគារជាតិនៃកម្ពុជា មិនមានគោលការណ៍លើកទឹកចិត្តឡើយ។

តែយ៉ាងណាកម្ពុជា ក៏ពុំមានគោលការណ៍ហាមឃាត់ ការប្រើប្រាស់រូបិយ៍ប័ណ្ណបរទេស នៅទីផ្សារកម្ពុជាដែរ ដោយសារតែកម្ពុជា គឺជាទីផ្សារសេរី ដែលបើកចំហរសេដ្ឋកិច្ច។

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវការជួញដូរប្រាក់រៀលនៅក្នុងទីផ្សារអន្តរធនាគារ កាលពីថ្ងៃទី ៨ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅនេះ។

ចំពោះការកើនឡើងនៃការប្រើប្រាស់ប្រាក់យ៉ន់ចិននៅកម្ពុជា ដោយសារកំណើចភ្ញៀវទេសចរ និងវិនិយោគចិនមកកម្ពុជា កាន់តែច្រើន។

ប្រទេសចិនជាដៃគូនាំទំនិញចូលមកកម្ពុជាលំដាប់ថ្នាក់ទី ១ ចាប់ពីឆ្នាំ ១៩៩៨មក។ ក្នុងឆ្នាំ ២០១៧ ទំហំទឹកប្រាក់នាំចូលពីចិនសរុបមាណជិត ៥ពាន់លានដុល្លារអាមេរិក ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនវិញមានទំហំទឹកប្រាក់ប្រមាណ ៨៣០លានដុល្លារអាមេរិក ហើយបច្ចុប្បន្នប្រទេសចិនជាទីផ្សារនាំអង្ករចេញធំជាងគេរបស់កម្ពុជា។ អត្ថបទ៖ សៀម ប៊ុនធី

គិតត្រឹមខែមេសា ឆ្នាំ ២០១៨ ការវិនិយោគរបស់ចិននៅកម្ពុជា មានតម្លៃទឹកប្រាក់ប្រមាន ១៧ពាន់លានដុល្លារអាមេរិក៕