សង្គម

ភាគហ៊ុនិកភាគច្រើន បានបោះឆ្នោតគាំទ្រឱ្យមានការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនពី “ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី" ទៅជា “រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក”

image


ភ្នំពេញ៖ ភាគហ៊ុនិកភាគច្រើន បានបោះឆ្នោតគាំទ្រឱ្យមានការផ្លាស់ប្តូរឈ្មោះក្រុមហ៊ុនពី “ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី" ទៅជា “រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក” ឬជាភាសាអង់គ្លេស “Royal Group Phnom Penh SEZ Plc.” ដែលឈ្មោះថ្មីនេះ តម្រូវឱ្យមានការចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្ម នាពេលក្រោយ។

ជាលើកដំបូងសម្រាប់សាធារណជនទូទៅ ក្រុមហ៊ុនមានកិត្តិយសសូមបង្ហាញជូននូវពាណិជ្ជសញ្ញាថ្មីរបស់ខ្លួន សម្រាប់គម្រោងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរទីតាំង គឺនៅរាជធានីភ្នំពេញ និង ក្រុងប៉ោយប៉ែត ពោលគឺ ពាណិជ្ជសញ្ញាថ្មីរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងពាណិជ្ជសញ្ញាថ្មីរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ដូច្នេះពាណិជ្ជសញ្ញាថ្មីរបស់ក្រុមហ៊ុន ក៏ត្រូវបានប្រកាសជាសាធារណៈ និងដាក់ឱ្យ ប្រើប្រាស់ជាទូទៅជាផ្លូវការផងដែរ។

ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី គឺជាសមាជិកមួយនៃ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ហើយក៏ទទួលបានការអនុញ្ញាតអោយប្រើប្រាស់ឈ្មោះ រ៉ូយ៉ាល់ គ្រុប ព្រមទាំងពាណិជ្ជសញ្ញារូបម្កុដដ៏ល្បីល្បាញ រំលេចនៅក្នុងឈ្មោះក្រុមហ៊ុន និងពាណិជ្ជសញ្ញាថ្មីរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានបើកកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំលើកទី៦ របស់ខ្លួន នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីភាគហ៊ុនិកចំនួន ៦១រូប ដែលកាន់កាប់ភាគហ៊ុន ៨៩,២៤% នៃភាគហ៊ុនសរុប និងដឹកនាំអង្គប្រជុំដោយប្រធានក្រុមប្រឹក្សាភិបាលថ្មីគឺ អ្នកឧកញ៉ា គិត ម៉េង៕