អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កាដើមឈើហូបផ្លែ និងសត្វព្រៃ ជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗនេះ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាគ្រោងនឹងបើកសម្ពោធសួនកែច្នៃមួយកន្លែង ដែលគេឱ្យឈ្មោះថា«សួនរុក្ខជាតិអង្គរ» នៅពេលឆាប់ៗខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតលើផលិតផលទេសចរណ៍ថ្មី ក្រៅតែពីតំបន់អង្គរ។
អគ្គនាយករង អាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះថា សួនរុក្ខជាតិអង្គរជារមណីយដ្ឋានកែច្នៃ ទំហំជាង១៥ហិកតានៅក្នុងក្រុងសៀមរាបដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ប្រភេទដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយ អាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ។
លោក យិត ចាន់ដារដ្ឋ បានបញ្ជាក់ថាការកែច្នៃសួនរុក្ខជាតិអង្គរនេះ ឡើងបែងចែកទៅជា៥ផ្នែក គឺផ្នែកទី១ជាសួនគ្រឿងទេសនិងសួនរុក្ខជាតិឱសថ ផ្នែកទី២គឺជាសួនផ្កាស្មៅនិងផ្កាចម្រុះ ផ្នែកទី៣ជាសួនអំបូរត្នោត ដែលដាំរុក្ខជាតិអំបូរត្នោតច្រើនប្រភេទ។ ចំណែកផ្នែកទី៤ជាសួនខ្មែរ ដែលប្រមូលផ្តុំដោយឈើហូបផ្លែច្រើនប្រភេទមានទាំងឈើហូបផ្លែក្នុងប្រទេសនិងឈើនាំចូលពីបរទេសផង។ចំពោះផ្នែកទី៥វិញគឺសួនព្រៃឈើនិងសត្វព្រៃអង្គរ ដែលសួននេះជាផ្នែកមួយនៃព្រៃឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែវាត្រូវបានកែច្នៃឱ្យមានផ្លូវដើរមានទឹកដើម្បីឱ្យកាន់តែមានសម្រស់និងភាពទាក់ទាញថែមទៀត។
អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថាទៀតថាបន្ទាប់ពីការបើកសម្ពោធជាផ្លូវការរួចហើយសួនរុក្ខជាតិអង្គរនេះ គ្រោងនឹងបើកឱ្យសាធារណជន បានចេញចូលទស្សនាដោយមិនគិតថ្លៃក្នុងរយៈពេល១ខែ បន្ទាប់ពីនោះ គឺអាជ្ញាធរបានលក់សំបុត្រឱ្យភ្ញៀវចូលទស្សនានៅក្នុងតម្លៃថោកបំផុត ដើម្បីយកកម្រៃមកថែរក្សាសួននេះ។
ក្រុមអ្នកជំនាញ បានឱ្យដឹងថាសួនរុក្ខជាតិអង្គរនេះ ត្រូវបានបំផុសគំនិតរៀបចំឡើងឱ្យមានភាពទាក់ទាញខុសប្លែកពីសួនដទៃទៀតជាច្រើន ជាពិសេសគឺមានដាំដើមឈើនិងរុក្ខជាតិកម្រៗជាច្រើនប្រភេទ សម្រាប់ឱ្យកូនខ្មែរនិងអ្នកទេសចរជំនាន់ក្រោយៗ បានស្គាល់និងអាចមកសិក្សាស្រាវជ្រាវផង៕
អត្ថបទ៖ ជា ស្រស់
