កសិករដាំដំណាំល្ពៅនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ត្អូញត្អែរពីការខាតបង់ថ្លៃដើមផលិត ខណៈការប្រមូលផលល្ពៅចុងដៃលក់នៅលើទីផ្សារបានតម្លៃថោក
បាត់ដំបង៖ ល្ពៅ ជាដំណាំបន្លែមួយប្រភេទរបស់ខ្មែរ ដែលត្រូវបានប្រជាកសិករនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានធ្វើការដាំដុះនៅលើផ្ទៃដីរបស់ខ្លួន រួមជាមួយនឹងដំណាំផ្សេងៗទៀត ដើម្បីបង្កើននូវជីវភាពរស់នៅ ក្នុងគ្រួសារឱ្យប្រសើរឡើង បើទោះបីជាឆ្នាំនេះតម្លៃល្ពៅនៅលើទីផ្សារមិនមានតម្លៃល្អក៏ដោយ តែការប្រមូលផលផ្លែល្ពៅរបស់ពួកគាត់នៅតែបន្តសកម្មភាព ដើម្បីដឹកនាំយកទៅកាន់ទីផ្សារឱ្យបានទាន់ពេលវេលាផងដែរ ។
ជាកសិកដាំដំណាំល្ពៅ រស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកស្រី លឿម សុរ៉ាត់ បានឱ្យដឹងថា គាត់បានប្រកបមុខរបរដាំដំណាំល្ពៅអស់ពេលជាច្រើនឆ្នាំកន្លងមកហើយនៅលើផ្ទៃដីដែលមានទំហំ១ហ.ត ។ អ្នកស្រីបានបន្តទៀតថា ការដាំដុះដំណាំនេះបានតែក្នុងរដូវទឹកសម្រក ពោលគឺពេលទឹកស្ទឹងសង្កែចាប់ផ្តើមស្រក កសិករចាប់ផ្តើមភ្ជួរដីហាលដី តែក្នុងរយៈពេលខ្លីប៉ុណ្ណោះអាចធ្វើការដាំដុះបានហើយ ។
អ្នកស្រី លឿម សុរ៉ាត់ បានឱ្យដឹងទៀតថា មួយរយៈចុងក្រោយនេះ កសិករក្នុងស្រុកឯកភ្នំ ដែលមានដាំដំណាំល្ពៅ កំពុងមានការមមាញឹកខ្លាំងក្នុងការប្រមូលផលចុងដៃ ដើម្បីយកទៅលក់នៅទីផ្សារឱ្យទាន់ពេលវេលា បើទោះបីជាដឹងថា តម្លៃល្ពៅមិនសូវបានថ្លៃ ហើយទិន្នផលផ្លែល្ពៅបានថយចុះ ដោយសារស្ថានភាពអាកាសធាតុក្តៅខ្លាំង ។
អ្នកស្រី ក៏ដូចជាកសិករនៅក្នុងភូមិជាមួយគ្នា បានធ្វើការត្អូញត្អែរដូចៗគ្នាថា ឆ្នាំនេះល្ពៅមានទិន្នផលទាប ហើយតម្លៃថោក គឺច្បាស់ជាខាតដើមហើយ ព្រោះថ្លៃដើមផលិតត្រូវចំណាយអស់ធនធានច្រើន ដោយកាត់ទៅលើការភ្ជួររាស់ដី ជី ទឹក និងជួលកម្លាំងពលកម្មផ្សេងទៀត ។
កសិកររូបនោះ បានបញ្ជាក់ទៀតថា ចាប់ផ្តើមពីការប្រមូលផលមកអ្នកស្រីបេះផ្លែល្ពៅបានចំនួន៤គោយន្ត យកទៅលក់បានថវិកាជាង៣លានរៀល បើប្រៀបធៀបនឹងឆ្នាំកន្លងអាចលក់បាន១២លានរៀល ។ ចំពោះតម្លៃនៅលើទីផ្សារវិញ អ្នកស្រី បានបង្ហាញឱ្យដឹងថា ការលក់ផ្លែល្ពៅត្រូវបានបែងចែកជាកម្រិតប្រភេទផ្លែល្ពៅ បើផ្លែល្ពៅល្អលក់បានតម្លៃ១,០០០ រៀលក្នុង១គ.ក្រ ផ្លែល្ពៅល្អមធ្យមតម្លៃ៧០០រៀល និងផ្លែមិនល្អឬគេហៅថាកំទេចល្ពៅ គឺមានតម្លៃត្រឹមតែ៥០០រៀលប៉ុណ្ណោះ ក្នុង១គ.ក្រ ។
យ៉ាងណាក៏ដោយ ក៏កសិករដាំដំណាំល្ពៅ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមជួយគាំទ្រដល់ផលដំណាំផ្លែល្ពៅរបស់កសិករខ្មែរដែលបានខិតខំដាំដុះ ដើម្បីឱ្យទទួលបានតម្លៃល្អ ក្នុងការប៉ះប៉ូវនូវថ្លៃដើមផលិត ដែលត្រូវចំណាយអស់ដើមទុនច្រើន ការជួយគាំទ្រនេះ គឺជាការជួយលើកទឹកចិត្តដល់ប្រជាកសិករឱ្យមានទឹកចិត្តក្នុងការដាំដុះបន្តទៀត ព្រោះពួកគាត់គ្មានមុខរបរអ្វីផ្សេងក្រៅពីការដាំដំណាំល្ពៅនោះឡើយ ៕
ដោយ៖ គួយ គឹមស៊ន







