សេដ្ឋកិច្ច

ភ្ញៀវទេសចរច្រើនកុះករ ទៅទស្សនាសួនរុក្ខជាតិអង្គរ បន្ទាប់ពីដាក់ឱ្យដំណើរការ

image


សៀមរាប៖ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ បានសម្រុកទៅទស្សនាសួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវទេសចប្រមាណ ៧,៧១៥នាក់ ក្នុងនោះភ្ញៀវជាតិ ៧,៦៦៤ និងភ្ញៀវបរទេសចំនួន ៥១នាក់ បានចូលមកទស្សនាសួនរុក្ខជាតិអង្គរ និងសសើរអំពីភាពស្រស់ស្អាតនៅក្នុងសួននេះ។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។

សួនរុក្ខជាតិអង្គរ បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ សួននេះ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង ៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា។

ពិសេស ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបប្រវាំងជាដើម៕