សង្គម

សៀវភៅ «អ្នកថែអង្គរ» បង្ហាញរំឭកដឹងគុណអ្នកថែអង្គរ និងដូនតាខ្មែរជំនាន់ដើម

image


សៀមរាប៖ អាជ្ញាធរជាតិអប្សរា រួមសហការជាមួយសារព័ត៌មានក្នុងស្រុកមួយ បានធ្វើពិធីបើកសម្ពោធសៀវភៅ ដែលមានចំណងជើងថា«អ្នកថែអង្គរ»ចំនួន៥.០០០ក្បាល ដែលទើបតែបោះពុម្ពរួចរាល់ នៅមុខប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។



សៀវភៅ«អ្នកថែអង្គរ»ដែលបានបោះពុម្ពផ្សាយរួចហើយនេះ អ្នកនិពន្ធចង់បង្ហាញអំពីជីវប្រវត្តិនិងជំនាញរបស់មនុស្សជាច្រើនរូប ដែលបានធ្វើការងារថែរក្សាអង្គរ ខ្លះបានធ្វើការរយៈពេលជាង២០ឆ្នាំនិងខ្លះទៀតបានធ្វើការងារពាក់ព័ន្ធនឹងការថែរក្សាអង្គររយៈពេល៣០ឆ្នាំមកហើយ។សៀវភៅអ្នកថែអង្គរ ដែលមានកម្រាស់ជាង២០០ទំព័រនោះ បានបង្ហាញតួអង្គ អ្នកថែអង្គរមកពីមជ្ឈដ្ឋានផ្សេងៗគ្នាចំនួន១៥រូប ដោយអ្នកថែអង្គរទាំងនោះ មានប្រវត្តិនិងជំនាញផ្សេងៗពីគ្នា ដូចជាអ្នកនរវិទូ អ្នកបុរាណវិទ្យា ស្ថាបត្យករ អ្នកជំនាញខាងរៀបថ្មអង្គរ អ្នកជំនាញផលិតដាវបុរាណ អ្នកជំនាញខាងព្យាបាលថ្មប្រាសាទ អ្នកជំនាញខាងជួសជុលឥដ្ឋរបស់ប្រាសាទ អ្នកជំនាញខាងធ្វើឧបករណ៍ភ្លេងខ្មែរ អ្នកកសិកម្មនៅក្នុងតំបន់អង្គរនិងអ្នកសិល្បៈចម្លាក់ស្បែកបន្តពីវប្បធម៌អង្គរជាដើម។

សូមបញ្ជាក់ថា សៀវភៅ«អ្នកថែអង្គរ»ត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង ចំនួន៥.០០០ក្បាលជាភាសាខ្មែរ ហើយនៅពេលអនាគតក្រុមអ្នកនិពន្ធគ្រោងនឹងបកប្រែសៀវភៅនេះ ទៅជាច្រើនភាសាដូចជាភាសាអង់គ្លេស ភាសាចិននិងភាសានៅក្នុងតំបន់ប្រជាជាតិអាស៊ី អគ្នេយ៍(ASEAN)ជាដើម៕

អត្ថបទ៖ ជា ស្រស់