សង្គម

ការកែច្នៃឡូរីជិះទស្សនាធម្មជាតិក្នុងខេត្តកំពត កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន

image


កំពត៖ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ជារមណីយដ្ឋានថ្មីមួយកន្លែងទៀតក្នុងខេត្តកំពត ដែលទើបបើកសម្រើសេវាកម្មបានប្រមាណ ៥ខែប៉ុណ្ណោះ។ រមណីយដ្ឋាននេះ បែងចែកជាពីរផ្នែកគឺ ផ្នែកកសិកម្ម និងផ្នែកអេកូទេសចរណ៍។ ក្រៅពីទេសភាពដ៏ស្រស់ត្រកាលរបស់ភ្នំវល្លិ៍ រមណីយដ្ឋាននេះ ក៏ផ្តល់សេវាជិះឡូរីកម្សាន្តគយគន់សួនច្បារ ចម្ការដំណាំ និងកន្លែងចិញ្ចឹមសត្វផងដែរ ហើយភ្ញៀវភាគច្រើនបានជាប់ចិត្តនឹងចូលចិត្តជិះឡូរីនេះ។

អ្នកគ្រប់គ្រងរមណីយដ្ឋាន និងភោជនីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ លោក សេង ពិសិទ្ធ បានឱ្យដឹងថា ដោយសារតែវិបត្តនៃជំងឺកូវីដ-១៩ ធ្វើឱ្យមានការយឺតយ៉ាវដល់ការបើកបម្រើសេវាកម្មទេសចរណ៍នៅទីនេះ គិតមកដល់ពេលនេះកន្លែងរបស់លោកទើបបើកបានប្រមាណ ៥ខែ ប៉ុណ្ណោះ។ រមណីយដ្ឋាននេះ ត្រូវបានចែកចេញជាពីរផ្នែក ទី១ ផ្នែកសិកម្ម និងទី២ ផ្នែកអេកូទេសចរណ៍ ហើយភ្ញៀវដែលទៅកម្សាន្តនៅទីនោះអាចជិះឡូរី មើលបានគ្រប់ទីកន្លែងក្នុងរមណីយដ្ឋាន ដែលមានផ្ទៃដីប្រមាណ ៨០ហិកតា។ ទីនេះភ្ញៀវទេសចរគ្រប់វ័យបានចាប់អារម្មណ៍ និងចូលចិត្តជិះឡូរីកម្សាន្ត ព្រោះបានធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងបានស្រូបយកនូវខ្យល់ធម្មជាតិទៀតផង។

លោក គង់ សុជាតិ ជាអ្នកបើកបរឡូរី បានឱ្យដឹងថា ឡូរីបានទាក់ទាញភ្ញៀវជាច្រើនឱ្យមកដើរកម្សាន្តនៅរមណីយដ្ឋាន និងភោជនីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍នេះ។ សម្រាប់នៅថ្ងៃចុងសប្តាហ៍ ភ្ញៀវត្រូវអង្គុយតម្រង់ជួរគ្នាចាំជិះឡូរីកម្សាន្តក្នុងរមណីយដ្ឋាននេះ ដែលមានផ្លូវអាចទៅទស្សនាបានគ្រប់ទីកន្លែង។

ជាមួយគ្នានេះ អ្នកស្រី ពេជ្រ តារា ជាភ្ញៀវទេសចរណ៍ដែលមានលំនៅដ្ឋានជិតរមណីយដ្ឋាននេះ បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនថា ការជិះឡូរីពិតជាសប្បាយ និងប្លែកអារម្មណ៍ ដោយធ្លាប់ឃើញមាននៅខេត្តបាត់ដំបង ប៉ុន្តែឥឡូវឡូរីមាននៅកំពតហើយ។ ទៅថ្ងៃមុខរមណីយដ្ឋាននេះ នឹងបានផ្តល់ប្រយោជន៍ជាច្រើនដល់អ្នកភូមិ ពិសេសអាចបង្កើតមុខរបរជូនប្រជាពលរដ្ឋក្នុងភូមិផងដែរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា រមណីយដ្ឋាន និងភោជនីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ជាទស្សនីយភាពថ្មីមួយបែបទៀត សម្រាប់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅក្នុងខេត្តកំពត។ ទីនេះមានទេសភាពភ្នំវល្លិ៍ព័ទ្ធជុំវិញ មានសួនផ្សារ សួនសត្វ ចម្ការដំណាំហូបផ្លែជាច្រើនប្រភេទ កន្លែងចិញ្ចឹមសត្វ ចិញ្ចឹមត្រី ពិសេសមានសេវាជិះឡូរី ដែលបច្ចុប្បន្នមានតែនៅក្នុងខេត្តបាត់ដំបង។ ទៅថ្ងៃខាងមុខដ៏ខ្លី រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ នឹងក្លាយជាទិសដៅទេសចរណ៍ ដែលអាចស្រូបទាញភ្ញៀវឱ្យទៅលេងខេត្តកំពតកាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា រមណីយដ្ឋាន និងភោជនីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ស្ថិតនៅក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត អាចធ្វើដំណើរចូលតាមផ្លូវជាតិលេខ៣ តាមសាលាស្រុកទឹកឈូ ឬចូលតាមផ្លូវជាតិលេខ៣៣ បត់ចូលតាមសាលាចម្ការដូងខេត្តកែបចម្ងាយ ១១គីឡូម៉ែត្រ៕

អត្ថបទ៖ វង្ស សុធារម្យ