សង្គម

ជនសង្ស័យគ្រឿងញៀនជនជាតិចិន ១១នាក់ ពាក់ព័ន្ធករណីកែច្នៃ ផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការ

image


ភ្នំពេញ៖ សំណុំរឿងជនជាតិចិន ១១នាក់ ដែលពាក់ព័ន្ធករណីកែច្នៃ ផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ពីបទ ផលិតដោយខុសច្បាប់នូវសារធាតុញៀន បទផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងបទសម្អាតប្រាក់ តាមមាត្រា៣៩ មាត្រា៤៧ និងមាត្រា៥៤ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនត្រូវចោទទាំង ១១នាក់នេះ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ ចាប់ពីថ្ងៃទី ៤-៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់ផែអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង ៣ខែ លុះដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំចំនួន ១២គោល ដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ៧គោលដៅ ខេត្តស្វាយរៀង ២គោដៅ ខេត្តព្រៃវែង ១គោលដៅ ខេត្តកណ្តាល ២គោលដៅ ក្នុងនោះមានទីតាំងកែច្នៃផលិត ១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង៕

ដោយ៖ ឌីយ៉ាម៉ង់