សង្គម

នំសំបុកចាប កំពុងប្រឈមនឹងការបាត់បង់ ដោយសារពិបាកធ្វើ និងគ្មានអ្នកចង់ធ្វើបន្ត

image


កំពត៖ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពត លោក ពៅ រតនៈ បានឱ្យដឹងថា នំសំបុកចាបគឺ ជានំប្រពៃណី ដែលត្រូវបានអ្នកភូមិក្រុងកំពត និងស្រុកទឹកឈូ ជាច្រើនគ្រួសារចេះធ្វើតៗគ្នាពីដូនតាមក។ នំនេះត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងពិធីបុណ្យទានផ្សេងៗ ពិសេសពិធីបុណ្យភ្ជំបិណ្ឌជាដើម។

លោក ពៅ រតនៈ បានបញ្ជាក់ថា ការធ្វើនំសំបុកចាបមានការពិបាកខ្លាំង ហើយត្រូវចំណាយកម្លាំង និងពេលវេលាច្រើន។ ប្រជាពលរដ្ឋភាគច្រើនមិនអាចអត់ធន់ធ្វើបានទេ ពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រទេសជាតិមានការរីកចម្រើន ហើយការធ្វើនំសំបុកចាបនៅតែប្រើឧបករណ៍ និងបច្ចេកទេសដដែល ធ្វើឱ្យក្មេងៗជំនាន់ក្រោយមិនចង់បន្តធ្វើ ដែលបណ្តាលឱ្យចំនួនគ្រួសារធ្វើនំនេះថយចុះស្ទើរអស់។ សម្រាប់ខេត្តកំពត មកដល់បច្ចុប្បន្ន អ្នកធ្វើនំសំបុកចាប មាននៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ១កន្លែង និង១កន្លែងទៀត នៅក្នុងឃុំត្រពាំងធំ ស្រុកទឹកឈូ។

អ្នកស្រី អ៊ី លីន ជាអ្នកប្រកបមុខរបរធ្វើនំសំបុកចាប រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត បានឱ្យដឹងថា អ្នកស្រីបានធ្វើនំសំបុកចាបនេះជាង ៤០ឆ្នាំមកហើយ។ ការធ្វើនំនេះអ្នកស្រីចេះតពីជីដូនជីតា ហើយបច្ចុប្បន្នគ្រួសារអ្នកស្រីគ្មានអ្នកចាប់អារម្មណ៍ធ្វើនំសំបុកចាបនេះទេ ព្រោះនំនេះពិបាកធ្វើ ទោះសម័យបច្ចុប្បន្នមានការរីកមច្រើន ប៉ុន្តែការផលិតនំសំបុកចាបនេះនៅតែប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសបុរាណក្នុងការចម្អិននំដែលធ្វើឱ្យក្មេងជំនាន់ក្រោយ មិនអាចអត់ធ្មត់ធ្វើបានទេ។ ការចេះធ្វើនំនេះ ចេះតៗគ្នាពីជីដូនជីតា តែដើម្បីកុំឱ្យមានការបាត់បង់ទៅថ្ងៃមុខ អ្នកស្រីអាចបង្រៀននូវវិធីធ្វើនំនេះទៅកាន់អ្នកដែលចង់រៀនធ្វើបន្តបាន។

នំសំបុកចាប ជានំមួយប្រភេទដែលមិនអាចជួលអ្នកផ្សេងឱ្យធ្វើជំនួសបានទេ ព្រោះវាទាមទាភាពប៉ិនប្រសព្វក្នុងការធ្វើឱ្យនំលេចចេញជាសរសៃរល្អ ស្អាត ហើយការចេះធ្វើនំនេះទៀតសោត ចេះតៗគ្នាប៉ុណ្ណេះ មិនមានការបង្រៀននោះទេ។ ការនេះមន្ត្រីជំនាញក៏បាននិងកំពុងផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋចូលរួមរៀនធ្វើ និងរក្សានំប្រពៃណីនេះកុំឱ្យមានការបាត់បង់ទៅថ្ងៃមុខ៕

អត្ថបទ៖ វង្ស សុធារម្យ