ព័ត៌មានជាតិ

ក្រសួងដែនដី ចាត់មន្ត្រីជំនាញ៧៨១រូប សហការជាមួយមន្ត្រីក្រសួងវប្បធម៌ ៣៥២រូប ចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

image


សៀមរាប៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ៣៥២រូប ដោយមានការសហការជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការបង្កើតក្រុមនេះឡើង ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទាំងបី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផលវាស់វែងក្បាលដីបានចំនួន ២០០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ហិកតា នៃទីតាំងបំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២គ្រួសារ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរសរុបចំនួន ៤៤តូប ក្នុងនោះ ៣៤តូប លក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ១០តូប ស្មើ ៧៩ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក។

ក្រៅពីនេះ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ និងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប។

សូមបញ្ជាក់ថា ការចាត់បញ្ជូនក្រុមការងារបច្ចេកទេសចំនួន ៦៨ក្រុម របស់ក្រសួងដែនដីនេះ បន្ទាប់ពីគណៈកម្មការអាយស៊ីស៊ីអង្គរ(ICC) រកឃើញថា មានសំណង់ខុសច្បាប់ប្រមាណជិត ៤០០សំណង់ បានលួចសាងសង់នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយ ពោលគឺ ចាប់តាំងពីមានការស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរខេត្តសៀមរាប៕