សង្គម

រដ្ឋមន្ត្រីវប្បធម៌៖ ប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណៈពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ប្រាសាទបុរាណរបស់កម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអតិតកាលរហូតមកដល់បច្ចុប្បន្ន ហើយប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណៈពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វប្បធម៌និង សិល្បៈ(AMCA) បានថ្លែងបែបនេះនៅក្នុងពិធីស្វាគមន៍ក្រុមប្រតិភូអាស៊ាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអង្គទូតនានា ព្រមទាំង គណៈប្រតិភូពីប្រទេសនិងរដ្ឋនានា ចូលរួមក្នុងកម្មវិធីពិសារអាហារពេលល្ងាចនៅប្រាសាទក្រវ៉ាន់ទឹកដីអង្គរខេត្តសៀមរាប នាយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា«សំណាង ជោគជ័យ សុភមង្គល ជ័យជម្នះ!»។ ពាក្យទាំងនេះជាពរជ័យដែលបានដកស្រង់ចេញពី សិលាចារឹករបស់ព្រះមហិន្ទ្រវរ្ម័ន ដែលជាអ្នកបង្កើតប្រាសាទក្រវាន់នេះ បុព្វបុរសខ្មែរជូនពរយើងទាំងអស់គ្នាទទួលបាននូវពរជ័យគ្រប់ប្រការ ខណៈដែលយើងកំពុងស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណដ៏អស្ចារ្យជាច្រើនដូចជា អង្គរវត្ត បាយ័ន និងតាព្រហ្ម។ ប្រាសាទទាំងនេះធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអទិតកាលរហូតមកដល់បច្ចុប្បន្ន ។
លោកស្រីមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមគណៈប្រតិភូទាំងអស់ ប្រសិនបើគ្រប់គ្នាមិនទាន់បានទស្សនាប្រាសាទទាំងនេះ និងមិនទាន់បានស្វែងយល់អំពីវប្បធម៌ក្នុងស្រុកនៅឡើយទេ សូមគ្រប់គ្នាគួរទៅទស្សនា ឬទៅទស្សនាសារជាថ្មី ព្រោះថា ប្រាសាទទាំងនេះមានលក្ខណៈពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗរបស់ពួកគេ។

លោកស្រីរដ្ឋមន្ត្រីមានប្រសាសន៍ថា តាមបទពិសោធយើងអាចរៀនអ្វីដែលថ្មី ជាមួយនឹងការកត់សម្គាល់តាមរយៈការទស្សនា។ លើសពីនេះ ការទៅទស្សនាប្រាសាទទាំងនេះអាចធ្វើឱ្យចិត្តរបស់យើងស្ងប់ ហើយនាំឱ្យយើងអាចប្រើការស្រមើស្រមៃ ប្រមើមើល និងធ្វើដំណើរចូលទៅកាន់ភាពអស្ចារ្យ ស្នាដៃល្អឯកនៃអតីតកាល របស់បុព្វបុរសកម្ពុជា។

ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋអាម៉េរិក បានរៀបចំ សន្និសីទអន្តរជាតិស្តីពីការការពារនិងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុស ច្បាប់៖ ទស្សនៈពីអាស៊ាន។ សន្និសីទនេះផ្ដោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិ វប្បធម៌ដោយខុសច្បាប់ ដែលកំពុងតម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដល់សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ចំពោះប្រជាជននៅអាស៊ីអាគ្នេយ៍។

សន្និសីទដែលរៀបចំឡើងនៅខេត្តសៀមរាបនេះក្នុងគោលបំណងសំខាន់ ដើម្បីពិភាក្សាអំពី យុទ្ធសាស្ត្រ និងបំផុសគំនិតដើម្បីដោះស្រាយបញ្ហាប្រឈមនៃការការពារបេតិកភណ្ឌវប្បធម៌ ឈានទៅកាត់ បន្ថយបញ្ហានិងការព្រួយបារម្ភនៅក្នុងសហគមន៍អាស៊ាន ជាមួយនឹងការគោរពនិងអនុវត្តច្បាប់គោលនយោបាយសន្តិសុខ បញ្ហាសេដ្ឋកិច្ចទាក់ទងនឹងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងទេសចរណ៍ប្រកបដោយចីរភាព និងសហគមន៍សង្គម-វប្បធម៌កម្ពុជា៕