ចំនួនកម្មករ កម្មការិនីកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ កើនលើស ៤០,០០០ នាក់ គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ
ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានប្រកាសឱ្យដឹងពីដំណើរអភិវឌ្ឍន៍ឆ្ពោះទៅមុខដ៏ល្អរបស់ខ្លួន ទាក់ទងនឹងការកើនឡើងជាលំដាប់នៃចំនួនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនទាំង ១០២ ក្នុងតំបន់ទាំងមូល។
ទោះបីជាស្ថិតក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្រុមហ៊ុនឯកជនជាច្រើនបានទទួលផលប៉ះពាល់ជាខ្លាំង និងត្រូវបញ្ឈប់ការងារបុគ្គលិកមួយចំនួនក៏ដោយ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានមោទកភាពជាខ្លាំងដោយបានឃើញពីការកើនឡើងជាបន្តបន្ទាប់ នៃចំនួនការងារក្នុងតំបន់ ចាប់តាំងពី ២១,៥៨៥នាក់ ក្នុងឆ្នាំ២០១៩ ដល់ ២៦,៤៤៤នាក់ ក្នុងឆ្នាំ២០២០ បន្តដល់ ៣៤,១៧៩នាក់ ក្នុងឆ្នាំ២០២១ និង៤០,០២៦នាក់ គិតត្រឹម ខែសីហា ឆ្នាំ២០២២នេះ។ ការកើនឡើងនេះ មានអត្រា ៨៥.៤៣% បើធៀបទៅនឹងចំនួនកម្មករនិយោជិត មុនការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានមានប្រសាសន៍ថា "ក្នុងចំណោមកម្មករនិយោជិតចំនួន ៤០,០២៦នាក់នេះ វិស័យកាត់ដេរ និងវាយនភណ្ឌ បានផ្តល់ឱកាសការងារដល់កម្មករនិយោជិតច្រើនជាងគេរហូតដល់ ៤១.៩១% បន្ទាប់មក គឺវិស័យផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនី ចំនួន២៣.៦៩% វិស័យផលិតគ្រឿងបង្គុំរថយន្ត ១៥.៤៨% និងវិស័យផលិតកែច្នៃពេជ្រ ៦.៤៥%" ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ក៏បានមានប្រសាសន៍ដែរថា “ចំនួនកម្មករសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅតែបន្តកើនឡើង ទោះបីក្នុងអំឡុងពេលនៃជំងឺរាតត្បាតក៏ដោយ។ ការកើនឡើងនៃចំនួនកម្មករនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងបាន”។
ជាមួយនឹងស្ថេរភាពនយោបាយនិងសង្គម បូករួមទាំងការគាំទ្រជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បង្កឲ្យមានបរិយាកាសអំណោយផលនិងកាន់តែមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគថ្មីចាស់។ យើងខ្ញុំប្តេជ្ញាបន្តផ្តល់សេវាកម្មដ៏ល្អបំផុតដល់អ្នកវិនិយោគទាំងអស់ ដោយជឿជាក់ថាឱកាសការងារនឹងរឹតតែកើនឡើងថែមទៀតសម្រាប់ប្រជាជនកម្ពុជាយើង។ នេះហើយ គឺជាអ្វីដែលយើងខ្ញុំមានមោទនភាពក្នុងនាមជាអ្នកអភិវឌ្ឍតំបន់ ក៏អាចនិយាយបានថា ជាសមិទ្ធិផលដ៏ធំបំផុតរបស់យើងខ្ញុំ៕





