អ្នកជំនាញ កំពុងធ្វើកំណាយខឿនតម្កល់លិង្គនៅលើភ្នំបូក ដើម្បីឈានទៅរកការជួសជុលសំណង់បុរាណនោះឡើងវិញ
សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងកំណាយស្រាវជ្រាវខឿនតម្កល់លិង្គទំហំធំនៅលើភ្នំបូក និងមានតែមួយគត់នៅតំបន់អង្គរ ដែលរងការខូចខាត។ បច្ចុប្បន្ន អ្នកជំនាញកំពុងធ្វើកំណាយស្រាវជ្រាវ សិក្សាពីរចនាសម្ពន្ធ មុននឹងឈានទៅដល់រៀបចំផែនការជួសជុលលើកតម្លៃបុរាណដ្ឋានដែលមានតម្លៃជាសកលឡើងវិញ។
លោក ហួរ សុធន បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការធ្វើកំណាយបានចាប់ផ្តើមតាំងពីដើមខែសីហា ឆ្នាំ២០២២ ហើយគម្រោងសិក្សាស្រាវជ្រាវនឹងបញ្ចប់ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២២។ សំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ ធ្វើពីថ្មបាយក្រៀមប្រវែងបណ្តោយ ១៩ម៉ែត្រ ទទឹង២០ម៉ែត្រ កម្ពស់ ៣,៥ម៉ែត្រ នៅលើខឿនថ្មបាយក្រៀមនេះ មានជើងទម្រធ្វើពីថ្មភក់មានប្រវែង ៥.២ម៉ែត្រ បួនជ្រុងស្មើ សម្រាប់តម្កល់លិង្គដែលមានទំហំមុខកាត់ជាង ១ម៉ែត្រ និងប្រវែង ៤.២ម៉ែត្រ។ បច្ចុប្បន្នជើងទម្រលិង្គធ្វើពីថ្មភក់នោះ រងការខូចខាតស្ទើរតែ ៩០ភាគរយ ហើយលិង្គក៏រងខូចខាតយ៉ាងខ្លាំងតាំងពីផ្នែកគល់ រហូតដល់ចុង គឺបែកបាក់ជាច្រើនបំណែក។
លោក ហួរ សុធន សន្និដ្ឋានថា ការខូចខាតដ៏ធ្ងន់ធ្ងរនេះ អាចបណ្តាលមកពីការបំផ្ទុះដោយគ្រាប់រំសេវ ពីព្រោះរូបថតចាស់ជាងគេ ដែលបារាំងថតនៅសម័យបារាំងមានសភាពបាក់បែកដូចសព្វថ្ងៃនេះដែរ។ ដោយឡែក ខឿនថ្មបាយក្រៀមបានរងការខូចខាតដោយកត្តាអាយុកាល ធម្មជាតិ ដោយការក្រៀកហែក រលុះថ្មធ្លាក់មកក្រោមនៅតាមជ្រុងខ្លះជាមួយគ្នានេះដើមឈើ ឬសឈើបានចាក់ជ្រែកចូលថ្មដោយកង្វះការថែទាំ។
បុរាណវិទូរូបនេះបន្តទៀតថា ក្រុមការងារបានធ្វើកំណាយសិក្សាពីរចនាសម្ពន្ធគ្រឹះនៃសំណង់តម្កល់លិង្គនេះ កន្លងមកបានប្រទះឃើញបំណែកថ្មលិង្គ ក្បឿង និងនាងច្រាលជាច្រើនដែលអាចបញ្ជាក់បានថា ទីតម្កល់លិង្គនេះ ដើមឡើយគេធ្វើអំពីឈើប្រក់ក្បឿងគ្របពីលើលិង្គ។ អ្នកជំនាញកំពុងសិក្សារិះរកបច្ចេកទេសក្នុងការជួសជុលលិង្គដ៏ធំមួយនេះឡើងវិញ ក៏ប៉ុន្តែការដ្ឋាននេះស្ថិតនៅលើភ្នំ ពិបាកដឹកជញ្ជូនសម្ភារ ណាមួយលិង្គថ្មក៏មានទម្ងន់ច្រើនតោន ដែលអាចធ្វើឱ្យកម្លាំងមនុស្សពិបាកក្នុងការលើកដូរទីតាំងដើម្បីជួសជុលជាដើម។
ពាក់ព័ន្ធនឹងសំណង់បុរាណតម្កល់លិង្គនៅលើភ្នំបូកនេះ មិនមានសិលាចារឹក ឬឯកសារណាបញ្ជាក់ពីកាលបរិច្ឆេទនៃការសាងសង់ឡើយ ប៉ុន្តែតាមការពិនិត្យមើលលើខ្សែក្បាច់មាននៅតាមជើងទម្រតម្កល់លិង្គ គេអាចសន្និដ្ឋានបានថា វាប្រហែលជាស្ថិតនៅអំឡុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១៕

















