សេដ្ឋកិច្ច

ក្រុមហ៊ុនថ្មីៗចំនួន ៨បន្ថែមទៀត បានសម្រេចបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ក្នុងប៉ុន្មានខែចុងក្រោយនេះ

image


ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ ២០២២នេះ មានក្រុមហ៊ុនថ្មីៗចំនួន ៨បន្ថែមទៀត បានសម្រេចបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានតម្លៃទុនរួមបញ្ចូលគ្នាសរុបជាង ៧២លានដុល្លារ និងបង្កើតការងារបានប្រមាណ ២.៣៥០កន្លែង។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបង្ហាញទៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួន។

ក្នុងចំណោមក្រុមហ៊ុនទាំង ៨នេះ ក៏មានវត្តមានក្រុមហ៊ុនផលិតរថយន្តតូយ៉ូតាដ៏ល្បីរបស់ជប៉ុនផងដែរ។ ក្រុមហ៊ុនទាំងនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគរបស់ពួកគេជាផ្លូវការ ដែលក្នុងនោះរួមមាន៖
១- ក្រុមហ៊ុន “Toyota Tsusho Manufacturing (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
២- ក្រុមហ៊ុន “WCFO (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ មានទុនវិនិយោគចំនួន ៣,៨លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
៣- ក្រុមហ៊ុន “Thirty Three Apparels (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគចំនួន ២,១លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៤៥០នាក់។
៤- ក្រុមហ៊ុន “WCFO ASAMA Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក មានទុនវិនិយោគចំនួន ៨០៥ពាន់ដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់។
៥- ក្រុមហ៊ុន “Solar Long PV-Tech (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ មានទុនវិនិយោគចំនួន ១២លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៥០០នាក់។
៦- ក្រុមហ៊ុន “Taica (Cambodia) Corporation” គម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ មានទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ២០នាក់។
៧- ក្រុមហ៊ុន “LUUS KH CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងបង្គុំ និងឧបករណ៍បរិក្ខារចម្អិនអាហារសម្រាប់ពាណិជ្ជកម្ម មានទុនវិនិយោគប្រមាណ ១,៤លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៨០នាក់។
៨- ក្រុមហ៊ុន “SOLTEAM (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិក មានទុនវិនិយោគប្រមាណ ១៤,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៩០០កន្លែង។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាក្រុមហ៊ុនសាធារណៈដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមផ្សារមូលបត្រកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើន ពីរដ្ឋាភិបាលដល់អ្នកអភិវឌ្ឍន៍ ប្រតិបត្តិករ និងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជា ការលើកលែងពន្ធគយ ពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀត ហើយជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងទៀត ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។

ជាមួយផ្ទៃដីទំហំប្រមាណ ៣៥៧ហិកតា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បាននាំយកក្រុមហ៊ុនផលិត និងសេវាកម្មច្រើនជាង ៩៥ មកពី ១២ប្រទេស ព្រមទាំងមានក្រុមហ៊ុនអន្តរជាតិជាង ៨០ មកពី ១៥ប្រទេសផ្សេងៗគ្នា បានវិនិយោគនៅក្នុងតំបន់នេះ បើគិតត្រឹមកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២១ កន្លងទៅ ការនាំចេញទំនិញពីរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំទឹកប្រាក់ ៦៧៣លានដុល្លារអាមេរិក៕