ឡានហោះរបស់ក្រុមហ៊ុនចិន បានធ្វើការហោះហើរសាកល្បងជាសាធារណៈលើកដំបូងគេ ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម
អារ៉ាប់រួម៖ ឡានហោះ XPeng eVTOL X2 បានធ្វើការហោះហើរសាកល្បងជាសាធារណៈលើកដំបូងរបស់ខ្លួន នៅថ្ងៃចន្ទ សប្តាហ៍នេះ ស្ថិតនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នេះគឺជាការបើកទំព័រសករាជថ្មីក្នុងវិស័យដឹកជញ្ជូនបែបទំនើប និងឆ្លាតវៃ ។
ក្នុងព្រឹត្តិការណ៍ហោះហើរសាកល្បងនេះ ឃើញថាមានចំនួនភ្ញៀវចូលរួមជាច្រើន រួមជាមួយនឹងអ្នកសារព័ត៌មាន បាននាំគ្នាតម្រង់ជួរ ដើម្បីត្រួតពិនិត្យមើលយានជំនិះថ្មីនេះ និងមើលការហោះហើរសាកល្បងជាប្រវត្តិសាស្ត្ររយៈពេល ៩០ នាទី ជាមួយនឹងការពិពណ៌នាដោយក្រុមហ៊ុនផលិតឡានហោះខាងលើនេះថា វាគឺជា "មូលដ្ឋានដ៏សំខាន់មួយ សម្រាប់ឡានហោះជំនាន់ក្រោយ" ។
អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Xpeng Aeroht លោក Minguan Qiu បានលើកឡើងថា ការពិសោធនេះមានសារៈសំខាន់ណាស់ យើងកំពុងស្ថិតក្នុងដំណើរការស្រាវជ្រាវ ហើយយើងកំពុងបោះជំហានចូលទៅកាន់ទីផ្សារអន្តរជាតិ ដោយដំបូងគេ យើងបានជ្រើសរើសទីក្រុងឌូបៃ ព្រោះឌូបៃគឺជាទីក្រុងដែលមានភាពច្នៃប្រឌិតបំផុតក្នុងពិភពលោក ហើយនេះគឺជាការហោះហើរសាកល្បងជាសាធារណៈលើកដំបូងរបស់យើង ។
ឡានហោះខាងលើនេះ គឺជាឡានហោះកៅអីមានពីរជាន់ចុងក្រោយ ដោយមានការបញ្ចេញកាបូនឌីអុកស៊ីតកម្រិតសូន្យ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន វាក៏ត្រូវបានបំពាក់នូវ ប្រព័ន្ធគ្រប់គ្រងការហោះហើរដ៏ឆ្លាតវៃ និងសមត្ថភាពហោះហើរដោយស្វ័យប្រវត្តិ ។
បើតាមបញ្ជាក់់ពី លោក Omar Abdulaziz AlKhan នាយកប្រតិបត្តិការិយាល័យអន្តរជាតិ មកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មឌូបៃ បានលើកឡើងថា ក្រុមហ៊ុនចិន XPeng មានតម្លៃជាង ២០ ពាន់លានដុល្លារអាម៉េរិក គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសចិន និងជាអ្នកត្រួសត្រាយផ្លូវក្នុងការផលិតឡានហោះផងដែរ " ។
ក្រុមហ៊ុន XPeng កំពុងបង្កើតក្របខណ្ឌជាមួយនឹងវិស័យឯកជននៅក្នុងទីក្រុងឌូបៃ មិនត្រឹមតែសម្រាប់យានជំនិះនេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បាតុភូតដ៏អស្ចារ្យប្រភេទនេះជាលើកដំបូង នៅក្នុងពិភពលោកទៀតផង តាមរយៈការយល់ពីចក្ខុវិស័យរបស់ក្រុមហ៊ុន ដោយរដ្ឋាភិបាលក្នុងទីក្រុងនេះ »។
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect




