សង្គម

រដ្ឋបាលស្រុកឯកភ្នំ ចុះផ្សព្វផ្សាយនិងអប់រំដល់ អ្នកចម្លងទូក និងសិស្សានុសិស្ស អំពីសុវត្ថិភាពការឆ្លងទូកតាមដងស្ទឹងសង្កែ ក្នុងភូមិសាស្ត្រនៃស្រុកឯកភ្នំ

image


បាត់ដំបង៖ ក្រោយពីមានហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ក្នុងករណីលិចទូកដរចម្លង ដែលបណ្តាលឲ្យសិស្សានុសិស្សចំនួន១១នាក់ បានស្លាប់បង់ជីវិតនោះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលស្រុកឯកភ្នំ ដឹកនាំដោយ លោក ម៉ិល សុផល អភិបាលស្រុក និងសហការី បានចុះផ្សព្វផ្សាយអប់រំជាលើកទី៣ អំពីសុវត្ថិភាពក្នុងការចម្លងទូកតាមដងស្ទឹងសង្កែ ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកឯកភ្នំ ដើម្បីផ្តល់ការលើកទឹកចិត្តដល់ម្ចាស់ទូកចម្លង ដោយធ្វើយ៉ាងណាដើម្បីធានាជូនក្មួយៗសិស្សានុសិស្ស ដោយត្រូវចម្លងពួកគេទាំងទៅនិងមកវិញប្រកបដោយសុវត្ថិភាព ។
អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានបញ្ជាក់ថា សម្រាប់ស្រុកឯកភ្នំ មានកំពង់ចម្លងទូក ចំនួន២ទីតាំង ទី១ ស្ថិតនៅមុខវត្តកែវមុនីពិសី ហៅវត្តបាក់អំម្រែក និងទី២ ស្ថិតនៅវត្តព្រែកត្រប់ តែទីតាំងទី២នេះ មិនសូវមានការឆ្លងច្រើនដូចទីតាំងទី១ទេ ដោយសារទីនេះមានការទំនាក់ទំនង រវាងប្រជាពលរដ្ឋភាគច្រើន ដែលពួកគាត់ត្រូវការឆ្លងទាក់ទងគ្នា មួយផ្នែកទៀត ដោយ សារនៅត្រើយខាងកើតស្ទឹងមានសាលាអនុវិទ្យាល័យបាក់អម្រែកមួយ សម្រាប់សិស្សានុសិស្សពេលរៀបចប់ថ្នាក់បឋមសិក្សា ត្រូវទៅរៀននៅអនុវិទ្យាល័យបាក់អម្រែក ។
ក្មួយស្រី ឈិន ភូណាម និងក្មួយប្រុស រ៉េត សីហា តំណាងឲ្យសិស្សានុសិស្សជាច្រើនទៀតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ
បានបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំហើយ ដែលក្មួយៗបានទៅរៀននៅអនុវិទ្យាល័យបាក់អម្រែក ស្ថិតនៅក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលត្រូវការឆ្លង ក្នុង១ថ្ងៃ២ដង គឺពេលព្រឹក និងពេលរសៀល ។
ជាអ្នកចម្លងទូក លោក សេង ខន នៅភូមិបាក់អម្រែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ បានបញ្ជាក់ថា សម្រាប់ការចម្លងទូកនៅក្នុងរដូវទឹកឡើង មានការលំបាកខ្លាំងណាស់ ព្រោះមានទឹកហូរមកខ្លាំង តែយ៉ាងណាលោក មិនបានដាក់ចម្លងច្រើនលើសកម្រិតនោះឡើយ ដើម្បីធានាជូនអ្នកជិះទូកចម្លងឲ្យមានសុវត្ថិភាព ។
ទាំងក្មួយៗសិស្សានុសិស្ស ទាំងលោកអភិបាលស្រុកឯកភ្នំ សុទ្ធតែបានបង្ហាញនូវការធ្វើសំណូមពរចង់បានស្ពានមួយខ្សែ ឆ្លងកាត់ស្ទឹងសង្កែនៅទីនេះ ដែលជាតម្រូវការចាំបាច់បំផុតសម្រាប់ការទំនាក់ទំនងគ្នារវាងប្រជាពលរដ្ឋទាំងនៅត្រើយខាងលិចនិងខាងកើត ជាពិសេសក្មួយៗសិស្សានុសិស្សបានទៅកាន់សាលារៀនប្រកបដោយសុវត្ថិភាព ។
តាមរយៈនេះដែរ លោកអភិបាលស្រុកឯកភ្នំ ម៉ិល សុផល បានណែនាំដល់ក្មួយៗសិស្សានុសិស្ស ក៏ដូចជាម្ចាស់ទូកចម្លងត្រូវបានការប្រុងប្រយ័ទ្នខ្ពស់បំផុត ដើម្បីធានាបានល្អក្នុងការចម្លងទាំងសិស្សានុសិស្ស ទាំងប្រជាពលរដ្ឋទូទៅ ប្រកបដោយសុវត្ថិភាព ចៀសវាងបង្កនូវហានិភ័យដល់ពួកគាត់ ជាពិសេសសម្រាប់ខ្លួនឯងផងដែរ ៕
ដោយ គួយ គឹមស៊ន