ព័ត៌មានអន្តរជាតិ

អត្ថបទឈ្វេងយល់អំពីបុគ្គលភាព៖ តើលោកស៊ីជីនពីងជានរណា?

image


បុគ្គលភាព៖ លោកស៊ីជីនពីងជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតមួយរូបរបស់ប្រទេសចិន បានកើតនៅក្នុងថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ១៩៥៣ នៅក្នុងតំបន់ហ្វូពីង ខេត្តសានស៊ី ភាគពាយ័ព្យប្រទេសចិន។ ជីវិតនយោបាយរបស់លោក ចាប់ផ្តើមលេចធ្លោខ្លាំងនៅក្រោយឆ្នាំ ២០០៨ នៅពេលដែលរូបលោកត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីចិននៅក្នុងអាណត្តិដឹកនាំរបស់លោកហ៊ូជីនតៅ ដែលក្រោយមកជាអគ្គលេខាធិការមជ្ឍិមបក្សកុម្មុយនិស្តចិននៅក្នុងឆ្នាំ ២០១២ មុននឹងរូបលោកត្រូវបានបោះឆ្នោតជាប្រធានាធិបតីចិនកាលពីឆ្នាំ ២០១៣ ហើយបានបន្ដដឹកនាំប្រទេសមួយនេះរហូតមកដល់ពេលបច្ចប្បន្ន។

អំពីកុមារភាព

លោក Xi Jinping គឺជាកូនប្រុសរបស់អតីតឧបនាយករដ្ឋមន្រ្តីចិន លោក Xi Zhongxun នៅក្នុងរដ្ឋការដឹកនាំរបស់លោកប្រធាន ម៉ៅ សេទុង ដែលធ្លាប់ជាមិត្តរួមអាវុធដ៏ជិតស្និទ្ធមួយរូបជាមួយនឹងឪពុករបស់លោក។ បើទោះបីជាធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយនិងលោកប្រធាន ម៉ៅ សេទុងយ៉ាងណាក្តី ក៏ឪពុករបស់លោកស៊ីជីនពីងមិនសូវជាពេញចិត្តចំពោះការដឹកនាំរបស់អតីតមេដឹកនាំចិនរូបនេះប៉ុន្នាននោះទេ ជាពិសេសនោះគឺនៅក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧៦ ជាហេតុធើ្វឱ្យរូបលោក Xi Zhongxun ត្រូវបានសមាជិកបក្សកុម្មុយនិស្តរបស់លោកប្រធានម៉ៅ សេទុង ធើ្វទុក្ខបុកម្នេញនិងត្រូវបានដកចេញពីតំណែងនៅក្នុងឆ្នាំ ១៩៦៦ និងជាពេលដែលលោកស៊ីជីនពីងជាកូនប្រុសត្រូវបានគេបញ្ជូនឱ្យមកធើ្វការងារនៅតាមជនបទស្រែចំការអស់រយៈពេល ៦ឆ្នាំ។ ការរស់នៅតាមរបៀបជីវិតអ្នកស្រែចំការអស់រយៈពេលដ៏យូរអង្វែងនេះដែរ លោកស៊ីជីនពីងបានកសាងទំនាក់ទំនងយ៉ាងល្អជាមួយនិងប្រជាកសិករនៅក្នុងតំបន់ ជាសក្កានុពលមួយជួយជម្រុញឱ្យរូបលោកត្រូវបានគេជ្រើសរើសធើ្វជាសមាជិកសំខាន់ៗនៅក្នុងបក្សកុម្មុយនិស្តចិននៅពេលខាងមុខ។

ប្រវត្ដិការសិក្សានិងអាពាហ៍ពិពាហ៍

នៅក្នុងឆ្នាំ ១៩៧៤ លោកស៊ីជីនពីងបានក្លាយជាសមាជិកផ្លូវការមួយរូបរបស់បក្សកុម្មុយនិស្តចិននិងមានតួនាទីជាលេខាបក្សថ្នាក់មូលដ្ឋាននៅក្នុងតំបន់មួយ នៅឆ្នាំបន្ទាប់មកទៀតលោកបានចូលរៀននៅក្នុងសកលវិទ្យាល័យសិង្ហហ៊ួ (Tsinghua) ក្នុងទីក្រុងប៉េកាំងលើមុខជំនាញវិស្វករគីមីអស់រយៈពេល ៤ឆ្នាំ។ ក្រោយបញ្ចប់ការសិក្សានៅក្នុងឆ្នាំ ១៩៧៩ លោកស៊ីជីនពីងបានបំរើការងារជាជំនួយការរបស់សមាជិកជាន់ខ្ពស់មួយរូបនៃបក្សកុម្មុយនិស្តចិន គឺ លោក Geng Biao ជារដ្ឋមន្រ្តីការបរទេសនិងកិច្ចការយោធានៃរដ្ឋាភិបាលកណ្តាលចិនរបស់លោកប្រធានម៉ៅ សេទុង។
នៅក្នុងឆ្នាំ ១៩៨២ លោកស៊ីជីនពីងបានលាឈប់ពីតួនាទីជាជំនួយការរបស់លោក Geng Biao ហើយបានសម្រេចចិត្តចាកចេញពីទីក្រុងប៉េកាំង ដើម្បីមកធើ្វលេខាបក្សកុម្មុយនិស្តចិនមួយរូបនៅក្នុងខេត្តហឺប៉ី (Hebei) និងក្រោយមកទៀតនៅក្នុងឆ្នាំ ១៩៨៥ លោកត្រូវបានគេតែងតាំងជាសមាជិកគណៈកម្មាធិការបក្សហើយក៏ជាអភិបាលរងស្រុកហ្ស៊ីម៉ែន (Xiamen) ក្នុងខេត្ត Fujian។ ពេលកំពុងរស់នៅក្នុងខេត្ត Fujian លោកស៊ីជីនពីង បានរៀបការជាមួយតារាចម្រៀងប្រពៃណីដ៏ល្បីឈ្មោះមួយរូប គឺលោកស្រី Peng Liyuan ក្នុងឆ្នាំ ១៩៨៧។ លុះក្រោយមកទៀតនៅក្នុងឆ្នាំ ១៩៩៥ លោកត្រូវបានគេតម្លើងឋានៈជាអនុលេខាបក្សថ្នាក់ខេត្ត។

ការឡើងកាន់អំណាចនៅក្នុងបក្ស
នៅក្នុងឆ្នាំ ២០០០ លោកស៊ីជីនពីងត្រូវបានគេជ្រើសរើសជាអភិបាលខេត្ត Fujian ក្រោមការដឹកនាំរបស់លោកក្នុងនាមអភិបាលខេត្តមួយរូប លោកស៊ីជីនពីង បានផ្តោតទៅលើការដោះស្រាយនិងអភិរក្សបរិស្ថាន រួមនិងការបង្កើនកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយនឹងកោះតៃវ៉ាន់។ លោកបានបន្ដកាន់តួនាទីមួយនេះរហូតដល់ឆ្នាំ ២០០២ មុខនិងត្រូវបានផ្លាស់ប្តូរមកធើ្វជាអភិបាលខេត្តស្តីទីក្នុងខេត្តហ្សេជៀង (Zhejiang) និងក្រោយមកទៀត ត្រូវបានគេតែងតាំងលោកជាលេខាបក្សនៅក្នុងឆ្នាំ ២០០៣។ ក្នុងអំឡុងនៃការធ្វើជាអភិបាលស្តីទីក្នុងខេត្ត Zhejiang ស៊ីជីនពីងបានផ្តោត លើការរៀបចំផ្លាស់ប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅតាមតំបន់មួយចំនួន ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនិងកាត់បន្ថយផលប៉ះពាល់ទៅលើពលរដ្ឋ។


ជោគវាសនារបស់លោកស៊ីជីនពីង បានងើបរះឡើងយ៉ាងខ្ពស់ត្រដែតជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០០៧ នៅពេលបញ្ហារឿងអាស្រូវពុករលួយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងទីក្រុងសៀហៃ បានត្រួសត្រាយផ្លូវសម្រាប់លោកបានក្លាយជាលេខាបក្សកុម្មុសនិស្តចិនប្រចាំក្រុងសៀងហៃ។ លោកស៊ីជីនពីងត្រូវបានគេមើលឃើញថា មានលក្ខណៈសម្បត្តិខុសគ្នាពីឪពុករបស់លោក ដែលជាអ្នកមានទស្សនៈចង់ឱ្យមានការកែទម្រង់ទៅលើប្រព័ន្ធដឹកនាំរបស់បក្ស ប៉ុន្តែសម្រាប់លោកស៊ីជីនពីងជាកូនប្រុស គឺបានបង្ហាញការស្រលាញ់ចូលចិត្តនិងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនទៅលើគោលនយោបាយដឹកនាំរបស់បក្សកុម្មុសនិស្តចិន។ នៅក្នុងនាមជាលេខាបក្សកុម្មុសនិស្តប្រចាំក្រុងសៀងហៃ លោកស៊ីជីនពីង បានខិតខំក្នុងការលើកកម្ពស់មុខមាត់ទីក្រុងសៀងហៃឱ្យវិលត្រឡប់មកជាតំបន់មជ្ឍមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងពិភពលោក។ ក្រោយពីបានកាន់តំណែងជាលេខាបក្សប្រចាំក្រុងសៀងហៃមិនទាន់បានមួយឆ្នាំស្រួលបួលផង លោកស៊ីជីនពីង ត្រូវបានគេជ្រើសរើសជាសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យកិច្ចការនយោបាយបក្សកុម្មុយនិស្តចិន ដែលជាគណៈកម្មាធិការប្រតិបត្តិជាន់ខ្ពស់បំផុតនៅក្នុងបក្ស។


មុខតំណែងដ៏ខ្ពស់មួយនេះ លោកស៊ីជីនពីងត្រូវបានគេចាត់ទុកទៅក្នុងបញ្ជីឈ្មោះឥស្សរជនសំខាន់ៗ ដែលនឹងអាចមានលទ្ធភាព បន្តវេនពីលោក ហ៊ូជីនតៅ ជាអតីតប្រធានាធិបតីចិននិងជាអគ្គលេខាបក្សកុម្មុយនិស្តចិនពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១២។ តំណែងរបស់លោក ស៊ីជីនពីង កាន់តែមានភាពប្រាកដប្រជាខ្លាំងឡើងថែមទៀត នៅពេលដែលលោកត្រូវបានគេតែងតាំងជាអនុប្រធានាធិបតីចិននៅក្នុងឆ្នាំ ២០០៨ ក្រោមអាណត្តិដឹកនាំរបស់លោក ហ៊ូជីនតៅ។ ពេលកាន់មុខងារជាអនុប្រធានាធិបតីចិន លោកស៊ីជីនពីង បានប្រឹងប្រែងក្នុងការស្តារទំនាក់ទំនងការបរទេសរបស់ចិននៅលើឆាកអន្តរជាតិ។ លុះក្រោយមកនៅក្នុងឆ្នាំ ២០១០ លោកត្រូវបានគេតែងតាំងជាអនុប្រធានគណៈកម្មាធិការយោធាកណ្តាលបក្សកុម្មុយនិស្តចិន ដែលជាតំណែងដ៏មានឥទ្ធិពលមួយបន្ទាប់ពីលោក ហ៊ូជីនតៅ។
គួរបញ្ជាក់ដែរថា លោកហ៊ូជីនតៅកាលណោះគឺជាប្រធានគណៈកម្មាធិការយោធាកណ្តាលបក្សកុម្មុយនិស្តចិនចាប់ពីឆ្នាំ ២០០៤ រហូតដល់ ២០១២។ នៅក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ ក្នុងខែវិចិ្ឆកា ឆ្នាំ ២០១២ លោកស៊ីជីនពីងត្រូវបានអង្គសមាជបោះឆ្នោតតែងតាំងជាអគ្គលេខាធិការបក្សជំនួសលោកហ៊ូជីនតៅ នៅក្នុងឱកាសសមាជបក្សនោះដែរ លោក ហ៊ូជីនតៅ បានបង្ខំចិត្តបោះបង់តំណែងជាប្រធានគណៈកម្មាធិការយោធាកណ្តាលបក្សកុម្មុយនិស្តចិនទៅឱ្យលោកស៊ីជីនពីងជំនួសវិញ។ ក្រោយមកនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៣ លោកស៊ីជីនពីង ត្រូវបានសមាជិកសភាប្រជាជនចិនបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីតែម្តង។

ការប្រមូលផ្តុំអំណាចនៅផ្ទៃក្នុងបក្ស

គោលនយោបាយដឹកនាំប្រទេសសំខាន់ៗរបស់លោកស៊ីជីនពីងនៅក្រោយការឡើងកាន់អំណាច គឺជាយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ដែលនាំឱ្យមានការដកតំណែងមន្រ្តីសំខាន់ៗគ្រប់ជាន់ថ្នាក់ជាច្រើនពាន់នាក់នៅក្នុងជួររដ្ឋាភិបាល នៅក្នុងពេលនេះលោកស៊ីជីនពីងបានថ្លែងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃ “បទប្បញ្ញត្តិច្បាប់“ និងបានអំពាវនាវឱ្យពលរដ្ឋចិនគ្រប់ស្រទាប់វណ្ណៈត្រូវអនុវត្តតាមខ្លឹមសារច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសឱ្យបានជាកំហិត ដើម្បីអាចកសាងប្រព័ន្ធសង្គមនិយមដ៏ល្អមួយឡើងតាមបែបលក្ខណៈប្រពៃណីនិងទំនៀមទម្លាប់របស់ប្រទេសចិន។


ក្រោមអាណត្តិដឹកនាំរបស់លោកស៊ីជីនពីង ប្រទេសចិនចាប់ផ្តើមកសាងបាននូវទំនុកចិត្តដ៏រឹងមាំនៅក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិផ្សេងៗ ដោយបានធើ្វការទាមទារដែនអធិបតេយ្យភាពជាប្រវត្ដិសាស្រ្តរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយនិងដែនកោះតៃវ៉ាន់។ ក្រៅពីនេះ ការដឹកនាំរបស់លោកស៊ីជីនពីង ប្រទេសចិនបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការជម្រុញលើកកម្ពស់លើគម្រោង ”ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដើម្បីភ្ជាប់ពាណិជ្ជកម្មរបស់ប្រទេសចិនទៅកាន់ពិភពលោកខាងក្រៅ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសជាដៃគូ។
ក្រៅតែពីភាពវៃឆ្លាតនៅក្នុងការដឹកនាំប្រទេស លោក ស៊ីជីនពីង ក៏បានធើ្វការបង្រួបបង្រួមអំណាចនៅក្នុងជួរផ្ទៃក្នុងបក្សកុម្មុយនិស្តចិនបានយ៉ាងរឹងមាំនិងឆាប់រហ័សដែលពិភពលោកនឹកស្មានមិនដល់។ តាមរយៈយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់លោកដែលបានដាក់ចេញជាបន្តបន្ទាប់ ក្រោយពីបានឡើងកាន់តំណែងខាងលើ លោកស៊ីជីនពីងមិនត្រឹមតែអាចធើ្វការកាត់ទោសមន្រ្តីពុករលួយអស់ជាច្រើនសែននាក់នោះទេ តែក៏បានជួយឱ្យលោកអាចធើ្វការបោសសម្អាតក្រុមអ្នកនយោបាយប្រឆាំងចំពោះរូបលោកជាច្រើននាក់ផ្សេងទៀតដែរ។


នៅខែតុលា ឆ្នាំ ២០១៦ លោកប្រធានាធិបតីស៊ីជីនពីង ត្រូវបានបក្សកុម្មុយនិស្តប្រកាសផ្តល់ងារជា ”មេដឹកនាំស្នូលរបស់បក្ស” ជាកិត្តិនាមដ៏មានឥទ្ធិពលបំផុតសម្រាប់ឥស្សរជនជាន់ខ្ពស់ ដែលធ្លាប់ត្រូវបានផ្តល់ជូនតែចំពោះមេដឹកនាំចិនសំខាន់ៗមានដូចជាលោកប្រធាន ម៉ៅ សេទុង លោកតេង ស៊ាវពីង ហើយនិងលោកជាំង ហ្សេមីន ។ នៅឆ្នាំបន្ទាប់មកទៀត បក្សកុម្មុយនិស្តចិនបានបោះឆ្នោតដាក់បញ្ចូលឈ្មោះ និងមនោគមវិជ្ជារបស់លោក ស៊ីជីនពីង ”អំពីប្រព័ន្ធដឹកនាំសង្គមរាស្រ្តនិយមនាយុគសម័យថ្មីតាមលក្ខណៈរបស់ប្រជាជនចិន” នៅក្នុងរដ្ឋធម្មនុញ្ញរបស់គណបក្ស” មានន័យជាភាសារអង់គ្លេសថា "Xi Jinping Thought on Socialism with Chinese Characteristics in a New Era" មិនធ្លាប់មានពីមុនមកក្រោយពីសម័យដឹកនាំរបស់លោកប្រធានម៉ៅសេទុង។


លុះក្រោយមកទៀត ផ្នត់គំនិតជាតិនិយមរបស់លោកស៊ីជីនពីងខាងលើនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់ដោយសមាជិកសភាប្រជាជនចិនកាលពីខែមីនា ឆ្នាំ ២០១៨កន្លងទៅ។ នៅក្នុងសម័យប្រជុំដដែលនោះដែរ សមាជិកសភាប្រជាជនចិនក៏បានធើ្វការបោះឆ្នោតសម្រេចឱ្យលុបចោលនូវច្បាប់ស្តីពីការកំណត់អាណត្តិរបស់ប្រធានាធិបតី ជាហេតុនំាឱ្យមានការបើកផ្លូវឱ្យលោកប្រធានាធិបតីស៊ីជីនពីងអាចបន្ដដឹកនាំប្រទេសចិននៅថ្ងៃខាងមុខដោយគ្មានពេលកំណត់ឡើយ ដែលមានន័យថា ជានិរន្តរ៍។
ឥទ្ធិពលរបស់លោកប្រធានាធិបតីស៊ីជីនពីង បានឈានដល់ចំណុចកំពូលនៅក្រោយកិច្ចប្រជុំគម្រប់ខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន។ កាលពីឆ្នាំ ២០២១ ជាឱកាសសម្រាប់ការវាយតម្លៃនិងបូកសរុបសមិទ្ធផលសំខាន់ៗជាប្រវត្តិសាស្រ្តរបស់បក្ស។ នៅក្នុងពេលនោះដែរ សេចក្ដីថ្លែងការណ៍ ត្រូវលើកឡើងពាក់ព័ន្ធទៅនឹងស្នាដៃដឹកនាំរយៈពេល ៩ឆ្នាំ របស់លោកស៊ីជីនពីង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការទប់ស្កាត់អំពើពុករលួយនៅក្នុងប្រទេស៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Xi Jinping | Biography, Education, Age, Wife, Peng Liyuan, & Facts | Britannica