សង្គម

ក្រោមជំនួយរបស់ឥណ្ឌាសាលរបាំប្រាសាទតាព្រហ្មត្រូវបានបញ្ចប់ការជួសជុល

image

សៀមរាប៖ សាលរបាំនៃប្រាសាទតាព្រហ្ម ត្រូវបានបញ្ចប់ការជួសជុល និងសម្ពោធបើកឲ្យអ្នកទេសចរចូលទស្សនាជាធម្មតាវិញ។

ការសម្ពោធបញ្ចប់ការងារជួសជុលនេះ បានប្រព្រឹត្តនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមវត្តមានរបស់លោក JAGDEEP DHANKHAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា  និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានឲ្យដឹងថា សាលរបាំដែលស្ថិតក្នុងប្រាសាទតាព្រហ្ម ត្រូវបានជួសជុល ដោយក្រុមអ្នកជំនាញពីប្រទេសឥណ្ឌា ដែលមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដែលការជួសជុលត្រូវធ្វើជា២ ដំណាក់កាល។ ដែលដំណាក់កាលទី១ បានចាប់ផ្តើមធ្វើកំណាយកាលពីឆ្នាំ២០១០ និងជួសជុលនៅឆ្នាំ២០១២ ហើយដំណាក់កាលទី២ បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៧មក។

លោកចាន់ ឡាយ បន្ថែមថា ក្នុងការងារជួសជុលដំណាក់កាលទី១ គឺចាប់ផ្តើមពីជ្រុងខាងជើង ដោយជួសជុលពីគ្រឹះដល់ដំបូល ដោយបញ្ចប់នៅឆ្នាំ២០១៤។ ឯក្នុងដំណាក់ទី២ គឺបន្តជួសជុលភ្ជាប់ទៅដំបូលកណ្តាល។ ការងារជួសជុលសាលរបាំប្រព្រឹត្តទៅដោយរលូន និងមានសោភ័ណស្រស់ស្អាត តែតាមគម្រោង អ្នកជំនាញបានទុកផ្នែកខ្លះ ដែលបាក់បែកឲ្យនៅសភាពដើម ដោយសារក្រុមអ្នកជំនាញយល់ថា វាអាចជាចំណែកមួយទាក់ទាញភ្ញៀវទេសចរ ដើម្បីប្រៀបធៀបចំណុច ដែលបានជួសជុល និងចំណុលដែលគ្រាន់ជាគំនរថ្ម ដែលពុំមានការជួសជុលនោះ។
សាលរបាំ បើតាមការរម្លឹកពីក្រុមការងារជួសជុលនៅទីនោះ គឺមុនពេលមានការជួសជុល សាលនេះគ្រាន់តែជាគំនរថ្មតែប៉ុណ្ណោះ ហើយដំបូលនៃសាលនេះ ជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់ ដោយឡែកក្រុមការងារជួសជុលបានចាប់ផ្តើមរើថ្មចេញ និងបង់លេខ ដើម្បីងាយស្រួលក្នុងការរៀប និងជួសជុលឡើងវិញ។

សូមជម្រាបថាគម្រោងនេះប្រើប្រាស់កម្មករចំនួន ១១៨នាក់ ដោយក្នុងនោះ អាជ្ញាធរជាតិអប្សរា បានបញ្ជូនកម្មករចំនួន ២៥នាក់ សម្រាប់ការងារសហប្រតិបត្តិការនេះផងដែរ៕

អត្ថបទ៖ ជា ស្រស់