សមត្ថកិច្ចចាប់ខ្លួនក្រុមចោរឆក់បាន ២នាក់ បន្ទាប់ពីឆក់កាបូបអ្នកគ្រូពេទ្យលើស្ពានអាកាសចោមចៅ
ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន ២នាក់ភ្លាមៗ ក្រោយជនសង្ស័យធ្វើសកម្មភាពឆក់កាបូប ពីអ្នកគ្រូពេទ្យម្នាក់ ខណៈកំពុងជិះម៉ូតូទៅធ្វើការ និងដកហូតព្រទ្យសម្បត្តិរបស់ជនរងគ្រោះមកវិញផងដែរ កាលពីវេលាម៉ោង ៧:១០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមការឱ្យដឹងពីសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ ឈ្មោះ ប្រាក់ សុខ សេរី អាយុ១៦ឆ្នាំ និងឈ្មោះ ហ៊ាង សុខហេង អាយុ១៧ឆ្នាំ។ ចំណែកបក្សពួកផ្សេងទៀត កំពុងរត់គេខ្លួន។ រីឯជនរងគ្រោះមានឈ្មោះ ជ្រុន ស្រីង៉ា អាយុ២៨ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បាត់បង់ ក្រវិលផ្លាកទីន១គូរ ជញ្ចៀនមាស១ជី ខ្សែដៃទំងន់៥ជី លុយ៦០ម៉ឺនរៀល កាតវ៉ាក់សាំង កាតATM និងឯកសារមួយចំនួន។
ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូពីផ្ទះគោលបំណងទៅធ្វើការ តាមផ្លូវជាតិ៣ ឡើងស្ពានអាកាសចោមចៅ ក៏ស្រាប់តែមានជនសង្ស័យ១ក្រុមមានគ្នាប្រហែល ១០នាក់ ជិះម៉ូតូ ៤ទៅ៥គ្រឿង មកកៀក រួចមានម៉ូតូជនសង្ស័យមួយគ្រឿងម៉ាកនិច ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបគាត់នៅប្រឡោះជើងកណ្តាលម៉ូតូ រួចជនសង្ស័យបានចែកផ្លូវគ្នាគេចខ្លួនបាត់អស់តែម្តង។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញកម្លាំងចុះស្រាវជ្រាវ និងកម្លាំងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ តាមរយៈវិដេអូដែលប្រជាពលរដ្ឋថតបាន រួមនឹងកាំមេរ៉ាសុវត្ថិភាពតាមផ្លូវ រហូតឃាត់បានជនសង្ស័យ២នាក់ នៅវេលាម៉ោង ៨:៥០នាទី ព្រឹកថ្ងៃដដែល ចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ និងនាំជនសង្ស័យទៅយកគ្រឿងអលង្ការដែលឆក់បាននៅក្នុងកាបូបជនរងគ្រោះទៅលក់នៅផ្សារពោធិចិនតុង មកប្រគល់អោយជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការសាកសួរនៅផ្នែកជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿង និងបន្តតាមចាប់បក្សពួកដែលសេសសល់យកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ ឌីយ៉ាម៉ង់















