សង្គម

សមាគមស្វាយចន្ទីកម្ពុជា សហការលក់គ្រាប់ឆៅ ៧ម៉ឺនតោន ទៅឱ្យក្រុមហ៊ុនអន្តរជាតិពីរ នៅវៀតណាម នៅឆ្នាំ ២០២៣ខាងមុខនេះ

image



កំពង់ធំ៖ នៅឆ្នាំ២០២៣ ខាងមុខនេះ សមាគមស្វាយចន្ទីកម្ពុជា (សសក) នឹងសហការលក់គ្រាប់ឆៅទៅឱ្យក្រុមហ៊ុនអន្តរជាតិពីរ ដែលមានទីតាំងរោងចក្រនៅប្រទេសវៀតណាម គឺក្រុមហ៊ុនអូឡាំ ចំនួន ៥ម៉ឺនតោន និងក្រុមហ៊ុន Inter Snack ចំនួន ២ម៉ឺនតោន។ នេះបើផ្អែកតាមការឲ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ CNC នៅថ្ងៃទី២១ វិច្ឆិកានេះថា ទីផ្សារក្នុងស្រុក សសក បានភ្ជាប់ទំនាក់ទំនងរវាងកសិករជាមួយសិប្បកម្ម និងសហគ្រាសធុន តូចនិងមធ្យម ចំនួន១៧ ដែលផលិតកែច្នៃស្វាយចន្ទី។ ទោះជាយ៉ាងណា សហគ្រាសធុនតូច និងមធ្យម ទាំងនោះស្រូបទាញការទិញប្រមាណ ៥ម៉ឺនតោន តែប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយសារបញ្ហាប្រឈមផ្នែកវត្ថុ និងទីផ្សារ។

លោក អួន ស៊ីឡុត បានបន្តថា អាកាសធាតុប្រែប្រួល, តម្លៃជី, ថ្នាំកសិកម្មខ្ពស់ និងកង្វះរោងចក្រកែច្នៃ នៅតែជាកត្តាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី។ បច្ចុប្បន្ន ស្ថានភាពអាកាសធាតុហាក់មានភាពអំណោយផលឡើងវិញសម្រាប់ដំណាំស្វាយចន្ទី ដោយលោកបានកត់សម្គាល់ឃើញថា បើសិនជាមានអំណោយផលពីអាកាសធាតុ ដំណាំស្វាយចន្ទី នឹងមានការលូតលាស់ល្អ ថែមទាំងផ្ដល់ទិន្នផលខ្ពស់ជាងមុនផងដែរ។

ប្រធានសមាគមរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនណាអាកាសធាតុនៅតែអំណោយផលនោះ ទិន្នផលគ្រាប់ស្វាយចន្ទី នឹងអាចបន្តកើនឡើងពីចន្លោះពី ៨០ម៉ឺនតោន ទៅ ១លានតោន នៅឆ្នាំ២០២៣។ ប៉ុន្តែលោកបានកំណត់សម្គាល់ថា ចាប់ពីខែសីហាមក កសិករបានលក់គ្រាប់ឆៅស្ទើរតែអស់ មានសល់តិចតួចមិនដល់ ១ម៉ឺនតោនផង។

បើយោងតាមរបាយការណ៍ដែលផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា រយៈពេល ១០ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៦ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លារ ថយចុះ ៣៤,៦៥% បើធៀបឆ្នាំ២០២១ គឺថយ ៣៥ម៉ឺនតោន។ ដោយឡែក កម្ពុជានាំទៅវៀតណាម មានចំនួន ៦៤ម៉ឺនតោន ថយចុះ ៣៧%។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរយៈពេល ១០ខែ នាឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ក្នុងបរិមាណជិត ៤៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ធ្លាក់ចុះជិត៥០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ខណៈការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃវិញមានចំនួនជិត ៦០០តោន បានថយចុះជិត ៦០%។

សូមបញ្ជាក់ថា ប្រទេសវៀតណាម គឺនៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ខណៈដែលការកែច្នៃនៅក្នុងស្រុកហាក់មិនទាន់មានច្រើនគ្រប់គ្រាន់នៅឡើយ។ នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សរុបមានប្រមាណជាង ៤លានតោន បានកើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ គិតជាទឹកប្រាក់សរុបមានជាង ២,៦ពាន់លានដុល្លារអាមេរិក៕


អត្ថបទ៖ ចេង ឆហួត