សង្គម

ស្ថាប័នចំនួន៣ អនុវត្តការព្រមព្រៀង ការអនុវត្តកម្មសិទ្ធិបញ្ញា លើការលក់-ទិញគំរូអាជីវកម្ម និងយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា នៅកម្ពុជា

image


ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម(គ.ប.ផ.ក.) សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា(ស.ក.ប.ក.) និងក្រុមហ៊ុន MORGAN GROUP បានរៀបចំសិក្ខាសាលាស្តីពី “ការអនុវត្តកម្មសិទ្ធិបញ្ញាលើការលក់-ទិញគំរូអាជីវកម្ម និងយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា” ក្រោមវត្តមាន លោកស្រី វី សាឌី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាអនុប្រធាន គ.ប.ផ.ក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះ ជាការអនុវត្តការព្រមព្រៀងនៃអនុស្សរណៈការយោគយល់គ្នាជាមួយ គ.ក.ប.ផ. ស្តីពី កិច្ចសហប្រតិបត្តិការផ្តល់ការអប់រំ ការផ្សព្វផ្សាយ និងការគាំពារផ្នែកច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញានៅកម្ពុជា ដែលបានចុះកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា មានគោលដៅចូលរួមចំណែកលើកស្ទួយវឌ្ឍនភាពនៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ សិក្ខាសាលាថ្ងៃនេះ ដើម្បីធ្វើការផ្សព្វផ្សាយបន្ថែម និងបញ្ជ្រានូវចំណេះដឹង និងលើកកម្ពស់ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា តាមរយៈយន្តការនៃកិច្ចការពារកម្មសិទ្ធិបញ្ញាក្នុងវិស័យធុរកិច្ចលើគម្រោងអាជីវកម្ម និងការលក់-ទិញគំរូអាជីវកម្ម(Franchise) និងយន្តការដោះស្រាយវិវាទពីបទល្មើសកម្មសិទ្ធិបញ្ញា ជូនទៅដល់ម្ចាស់ផលិតផល អ្នកបង្កើតថ្មី អ្នកអនុវត្តក្នុងវិស័យកម្មសិទ្ធិបញ្ញា ធុរជន មេធាវី និស្សិត និងសាធារណជន ឱ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយបន្ថែមទៀត។

លោកស្រីប្រធានសមាគមបានបញ្ជាក់ថា កម្មសិទ្ធិបញ្ញាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យពាណិជ្ជកម្ម ដែលបានជំរុញឲ្យចរន្តនៃការធ្វើពាណិជ្ជកិច្ចទាំងក្នុង និងក្រៅប្រទេស មានការប្រកួតប្រជែងខ្ពស់ ហើយការប្រកួតប្រជែងនេះ បាននិងកំពុងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ទាំងអំពីជម្រើសនៃគុណភាព និងតម្លៃ ផលិតផល ឬសេវាកម្មនានា ដែលត្រូវបានទទួលស្គាល់ និងការពារដោយច្បាប់។ ជាមួយគ្នានេះ ប្រតិបត្តិការទិញ-លក់គំរូអាជីវកម្ម ឬការទិញអាជីវកម្មលក់បន្ត (Franchise) កំពុងតែពេញនិយមលើសកលលោក និងកំពុងមានការរីកលូតលាស់គួរកត់សម្គាល់នៅកម្ពុជា។ ការរីកចម្រើននៃការទិញ-លក់ Franchise គឺជាសញ្ញាណមួយនៃការរីកចម្រើនផែ្នកទីផ្សារសម្បូរបែបស្របតាមតម្រូវការរបស់អតិថិជនគ្រប់ប្រភេទដែលនិយមម៉ាកទំនិញ និងសេវាខុសៗគ្នា។ ទន្ទឹមនឹងភាពរីកចម្រើននៃប្រតិបត្តិការពាណិជ្ជកម្ម Franchise ដ៏មានសារៈសំខាន់នេះ ការការពារដោយក្របខ័ណ្ឌច្បាប់ និងយន្តការការពារដែលអាចទុកចិត្តបាន និងការធានាបាននូវផលប្រយោជន៍ស្របច្បាប់របស់អ្នកពាក់ព័ន្ធ ជាកត្តាធានាឱ្យប្រតិបត្តិការជំនួញនេះបន្តលូតលាស់ធំធាត់កាន់តែលឿនថែមទៀត។

ជាមួយគ្នានេះ លោក ទីង យ៉ុងជីង នាយកក្រុមហ៊ុន MORGAN បានលើកឡើងថា កម្មសិទ្ធិបញ្ញាមានសារសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម ក៏ដូចជាសេដ្ឋកិច្ចពិភពលោក តាមរយៈគំនិតឆ្នៃប្រឌិត និងការបង្កើតថ្មីរបស់ម្ចាស់សិទ្ធិ។ ដូច្នេះការការពារកម្មសិទ្ធិបញ្ញា ជាការចាំបាច់បំផុត។ ការវិវត្តិនៃកម្មសិទ្ធិបញ្ញាបានធ្វើឱ្យប្រទេសកម្ពុជាបានរីកចម្រើនលើផ្នែកសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់។

ចំណែកលោកស្រី វី សាឌី អនុប្រធាន គ.ប.ផ.ក. បានលើកឡើងថា ការបង្កើតកិច្ចសហប្រតិបត្តិដ៏ចាំបាច់ និងសារៈសំខាន់ជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដើម្បីធ្វើការអប់រំ ផ្សព្វផ្សាយ និងការផ្តល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា។ ជាក់ស្តែង ការរៀបចំសិក្ខាសាលាថ្ងៃនេះ ដើម្បីចែករំលែកបទពិសោធន៍ និងដើម្បីធ្វើការផ្សព្វផ្សាយដល់ដៃគូវិស័យឯកជន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់កម្មសិទ្ធិបញ្ញា ជាពិសេសការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលរំលោភលើកម្មសិទ្ធិបញ្ញានៅកម្ពុជា។

លោកស្រី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែខិតខំយកចិត្តទុកដាក់ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងពេលវេលា ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយខុសច្បាប់ និងការរំលោភលើកម្មសិទ្ធិបញ្ញា ដើម្បីធានាសុវត្ថិភាព និងសេចក្តីទុកចិត្តទៅដល់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។ បញ្ហាផលិតផលក្លែងក្លាយ ការរំលោភកម្មសិទ្ធិបញ្ញា និងចំណីអាហារខូចគុណភាពដែលមានផ្ទុកសាធាតុគីមី ដូចជា គ្រឿងឧបភោគ-បរិភោគ ដែលបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អាយុជីវិត និងសេដ្ឋកិច្ចសង្គ។

កន្លងមកភាគីទាំងពីរបានធ្វើការយ៉ាងច្រើន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយអប់រំ ដែលក្នុងនោះបានធ្វើសិក្ខាសាលារួមគ្នាចំនួន១០លើក តាមរយៈវីដេអូពីចម្ងាយ និងមានអ្នកចូលរួមចំនួនពីរពាន់នាក់ ព្រមទាំងរួមគ្នាជំរុញការផ្សព្វផ្សាយច្បាប់ស្តីពី កម្មសិទ្ធិបញ្ញានៅលើបណ្តាញសង្គមនានា សំដៅបញ្ជ្រាបការយល់ដឹងដល់វិស័យឯកជន និងបណ្តាអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ។ សិក្ខាសាលាទាំងនោះត្រូវបានរៀបចំឡើងផ្តោតវិស័យមួយចំនួន ដូចជា វិស័យសុខាភិបាល គ្រឿងសម្អាង ចំណីអាហារ វិស័យវប្បធម៌ វិចិត្រសិល្បៈ និងវិស័យអប់រំ ជាដើម។

សូមបញ្ជាក់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែគាំទ្រសកម្មភាពរបស់ គ.ប.ផ.ក. ជារៀងរហូតមក។ នៅក្នុងសិក្ខាសាលានេះ មានការធ្វើបទបង្ហាញលើប្រធានបទចំនួន៣ រួមមាន ទី១. យន្តការនៃកិច្ចការពារកម្មសិទ្ធិបញ្ញាក្នុងវិស័យធុរកិច្ចនៅកម្ពុជា ធ្វើបទបង្ហាញដោយ លោក អ៊ឹង ឆាយហុង ប្រធានការិយាល័យវិវាទ នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។ ២. កិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្ម (ហ្វ្រេនឆាយ) និងកិច្ចការពារហ្វ្រេនឆាយនៅកម្ពុជា ធ្វើបទបង្ហាញដោយ លោក កង តារាវុធ សមាជិកក្រុមប្រឹក្សាសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា។ ៣. បទល្មើសកម្មសិទ្ធិបញ្ញាក្នុងវិស័យការលក់គំរូអាជីវកម្ម(ហ្វ្រេនឆាយ)និងដំណោះស្រាយ ដែលធ្វើបទបង្ហាញដោយ លោកឧត្តមសេនីយ៍ទោ កែវ ហុកលី អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក៕