សង្គម

ផ្លូវបេតុង និងប្រឡាយទឹកជាង ១០គីឡូម៉ែត្រ នៅស្រុកបន្ទាយមាស ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

image


កំពត៖ សមិទ្ធិផលផ្លូវបេតុង ប្រវែង ១.៦៥០ម៉ែត្រ ផ្លូវក្រាលក្រួសក្រហមប្រវែង ១.៣២០ម៉ែត្រ និងស្តារប្រឡាយទឹកប្រវែង ៧.៥០០ម៉ែត្រ ស្ថិតនៅឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលជាថវិកាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនឯកជនមួយ ប្រមាណជាង ៤៣ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីផលប្រយោជសាធារណៈ។
ទន្ទឹមនឹងនេះក្រុមហ៊ុនឯកជនមួយនេះ ក៏មានផែនការធំៗពីរទៀតផងដែរដែលត្រូវដាក់ចេញ ទី១. រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ក្បែររោងចក្រ ស្របតាមគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព និងទី២.ចូលរួម និងលើកទឹកចិត្តដល់បុគ្គលិកក្រុមហ៊ុនឱ្យចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍។

សូមបញ្ចាក់ថា ក្រោយពីមានការស្ថាបនាផ្លូវ ក៏ដូចជាការស្តារប្រឡាយទឹកក្នុងតំបន់នេះ ប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច បានសម្តែងភាពរីករាយយ៉ាងខ្លាំងចំពោះសមទ្ធិផលនានា ដែលក្រុមហ៊ុនផ្តល់ជូន។ ពួកគាត់បានចាត់ទុកថា សមទ្ធិផលទាំងអស់នេះ ពិតជាមានសារៈសំខានសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីប្រចាំថ្ងៃ ព្រមទាំងបានទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកំរិតទៀត។
លោក ឡុង វាន់ចាន់ អភិបាលរងស្រុកបន្ទាយមាស បានចាត់ទុកក្រុមហ៊ុនឯកជនថា បានរួមចំណែកជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍន៍សហគមន៍ នៅតំបន់ជុំវិញរោងចក្រ ក៏ដូចជានៅតាមបណ្តារស្រុកនានាក្នុងខេត្តកំពត។ ក្នុងស្រុកបន្ទាយមាស គឺក្រុមហ៊ុនបានជួយអភិវឌ្ឍន៍ជាច្រើន ដែលមានដូចជា វិស័យអប់រំ សុខភាព កសិកម្ម សុវត្ថិភាពចរាចរណ៍ផ្លូវគោគ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងវិស័យពុទ្ធសាសនាជាដើម៕
អត្ថបទ៖ វង្ស សុធារម្យ