អគ្គនាយកអាជ្ញាធរជាតិអប្សរា៖ បេតិកភណ្ឌរបស់កម្ពុជា ជាអណ្តូងប្រេងមួយដែលបូមមិនចេះរីងស្ងួត
សៀមរាប៖ អគ្គនាយកអាជ្ញាជរជាតិអប្សរា លោក ហង់ ពៅ បានលើកឡើងថា សម្បត្តិបេតិកភណ្ឌ ជាពិសេសប្រាសាទបុរាណរបស់យើង ដែលដូនតាបន្សល់ទុកឲ្យ វាមានតម្លៃមហាសាលជាអណ្តូងប្រេងកាតមួយដែលបូមមិនចេះរីងស្ងួត។
មានប្រសាសន៍ទៅកាន់សិស្សានុសិស្ស ក្នុងក្រុងសៀមរាប និងមន្រ្ដីអាជ្ញាធរជាតិអប្សរាជិត១ពាន់នាក់ ដែលមកចូលរួមធ្វើព្យុហយាត្រា មុនពិធីបុណ្យរំលឹកគុណអង្គរ នាព្រឹកថ្ងៃទី១៣ខែធ្នូនេះ លោក ហង់ ពៅ បានលើកឡើងថា បេតិកភណ្ឌរបស់យើង ជាពិសេសប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយវាលើសពីអណ្តូងប្រេងកាតដែលមានទៅទៀត ហើយវានឹងក្លាយជាអណ្តូងប្រេងមួយដែលមិនចេះរីងស្ងួតនៅពេលដែលយើងចេះថែរក្សាការពារ។ លោកបន្តថា នៅមុនពេលដែលមានវិបត្តិជំងឺកូវីដ-១៩ សម្បត្តិបេតិកភណ្ឌរបស់យើង អាចរកចំណូលបានប្រមាណជា១៦ភាគរយនៃចំណូលសរុបរបស់ជាតិ។ ដូច្នេះនៅពេលអនាគតកំណើននៃចំណូលនេះ អាចឲ្យពលរដ្ឋកម្ពុជាយើងរស់បានដោយស្រួល។
សូមជម្រាបថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២ និងជាឆ្នាំទីពីរហើយ ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្យុហយាត្រាដែលមានមនុស្សរួមជិតមួយពាន់នេះធ្វើឡើងជាលើកទី១នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាសាទអង្គរទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។ប្រាសាទអង្គរជាបេតិកភណ្ឌរស់រវើកដែលមិនអាចកាត់ថ្លៃបាន។
លោកបន្ដថា សម័យបច្ចេកវិទ្យាទំនើបនេះ ប្រទេសនៅលើពិភពលោកក៏អាចចម្លង ឬកសាងប្រាសាទថ្មីធំៗបានដែរ ប៉ុន្ដែការសាង់ថ្មី គឺគ្មានតម្លៃ និងគ្មានន័យ ដូចប្រាសាទរបស់កម្ពុជាបានឡើយ ព្រោះប្រាសាទនេះមានអាយុកាលជាច្រើនពាន់ឆ្នាំមកហើយ ហើយក៏ជាដួងព្រលឹងនិងអត្ដសញ្ញាណជាតិរបស់ខ្មែរ។
លោកបន្ដទៀតថា ការបង្កើតបេតិកភណ្ឌនេះមិនមែនចេះតែកើតឡើងដោយចៃដន្ដនោះទេ គឺបុព្វបុរសខ្មែរបានគិតគូរខ្ពស់បំផុតនូវអ្វីដែលមានប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។
លោក ហង់ ពៅ មានប្រសាសន៍ថា វប្បធម៌ អរិយធម៌ដែលជាដួងព្រលឹងរបស់ខ្មែរមានច្រើនមហិមា មិនថាតែមានអាយុរាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំនោះទេ ដូចនេះ កូនខ្មែរគ្រប់រូបត្រូវដឹងគុណអង្គរ ដែលពាក្យមានន័យទូលំទូលាយបំផុត សម្រាប់មនុស្សជំនាន់ក្រោយត្រូវចូលរួមការអភិរក្សនិងអភិវឌ្ឍន៍ឲ្យបានគង់វង្ស៕
អត្ថបទ៖ ជា ស្រស់

















