ព័ត៌មានជាតិ

៣០ឆ្នាំហើយ ដែលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក

image


ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ តំបន់រមណីយដ្ឋានអង្គររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) ដែលបានធ្វើឡើងនាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ បានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ ឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។ នៅពេលនោះហើយ បានធ្វើឱ្យប្រាសាទអង្គរវត្តមានភាពល្បីល្បាញរន្ទឺសុះសាយទៅកាន់ពិភពលោក។ រហូតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ គឺមានរយៈពេល៣០ឆ្នាំហើយ។

ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយ បានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ី(ICC) អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣ ផងដែរ។

សូមបញ្ជាក់ថា តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ដោយរួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡា សរុប ៤០១គីឡូម៉ែត្រក្រឡា។ ប្រាសាទអង្គរ គ្រាន់តែជាផ្នែកមួយ ក្នុងចំណោមប្រាសាទជិត ១០០ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីប៉ុណ្ណោះ។

ក្រៅពីការផ្ដល់នូវមោទនភាពដ៏ខ្ពង់ខ្ពស់ដល់ជនជាតិខ្មែរ ប្រាសាទអង្គរវត្ត ក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ចូលមកទស្សនាជាច្រើនសន្ធឹកសន្ធាប់។

ដើម្បីរំឭកដល់គុណអង្គរ នៅថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ មានរៀបចំធ្វើពិធីបុណ្យនៅខាងមុខប្រាសាទអង្គរវត្ត ជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមំា ក្នុងការអភិរក្សបេតិកភណ្ឌដ៏អស្ចារ្យនេះ។

សម្រាប់ឆ្នាំ២០២២ ដែលជាខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការរំលឹកដល់សម្បត្តិបេតិកភណ្ឌទាំង១២ របស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនៅលើទឹកដីអង្គរខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗគ្រប់ទម្រង់ចំនួន ៣០០នាក់ នៅបរិវេណក្រោយប្រាសាទអង្គរវត្ត ក្រោមវត្តមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច។ ព្រឹត្តិកាណ៍នេះ ជាការលើស្ទួយវិស័យវប្បធម៌ និងការចូលរួមចំណែកស្ដារឡើងវិញ នៃវិស័យទេសចរណ៍នៅតំបន់អង្គរ ក្រោយវិបត្តិកូវីដ-១៩។ សម្រាប់ការៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ប្រជាពលរដ្ឋទូទៅ អាចចូលរួមទស្សនាដោយសេរី។

សូមបញ្ជាក់ថា ប្រាសាទអង្គរវត្ត ត្រូវបានគេសន្និដ្ឋានថា បានសាងសង់ឡើងក្នុងអំឡុងសតវត្សរ៍ទី១២ នារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២(១១១៣-១១៥០) ព្រះមហាក្សត្រមកពីភាគខាងលិច(ល្វវត្តី)។ មានអាយុកាលជិត ១សហវត្សមកនេះ ប្រាសាទអង្គរវត្ត បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យកាល រហូតមកដល់សម័យទំនើបនេះ៕