មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ចាប់ផ្តើមបើកជាផ្លូវការហើយ
 
                            
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង»។ កម្មវិធីនេះ បានធ្វើឡើងនៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ក្រោមវត្តមាន លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំ ការតំណាង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 
លោក សោម សុគន្ធ បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗប្រកបដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្តសម្រាប់បច្ចុប្បន្ន និងអនាគត។ លោកបានវាយតម្លៃខ្ពស់ចំពោះយុវជនទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ អត្តសញ្ញាណជាតិ។ សកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិផងដែរ។  
លោក សោម សុគន្ធ បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មភាពយន្តកម្ពុជាមានភាពល្អប្រសើរទាំងកម្រិតគុណភាព បច្ចេកទេស និងការសម្ដែងប្រកបដោយវិជ្ជាជីវៈ។ ទន្ទឹមនេះ ក៏មានការរីកដុះដាលនូវរោង ភាពយន្តលំដាប់អន្តរជាតិ និងការផលិតផលភាពយន្តសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក៏មានច្រើន ថែមទាំងទទួលបានការគាំទ្រពីទស្សនិកជនជាច្រើនទៀតផង។  
ជាមួយគ្នានេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វ ផ្សាយវប្បធម៌ បានឱ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ជាយន្តការចាំបាច់ជំរុញដល់យុវជនបញ្ចេញគំនិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ហើយជាជំហានដំបូងជំរុញឱ្យពួកគេក្លាយជាផលិតករភាពយន្ត។ ដូច្នេះមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជានេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការផ្តល់ឱកាសដល់យុវជន យុវនារី បានបញ្ចេញសមត្ថភាព ទេពកោសល្យលើការផលិតស្នាដៃភាពយន្តរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងថ្នាក់ជាតិ។ 
លោក ប៉ុក បូរក្ស ក៏បានសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានក្លាយជាចំណុចប្រសព្វយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់យុវជនកម្ពុជាមកពីគ្រប់មជ្ឈដ្ឋានជាមួយនឹងបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្ត ហើយក៏ជាវេទិកាអប់រំ និងបំផុសទេពកោសល្យច្នៃប្រឌិតយ៉ាងរស់រវើក សម្បូរបែប នៃការផលិតភាពយន្តខ្នាតខ្លីកម្ពុជា។  ចំពោះមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ឆ្នាំ២០២២នេះ មានស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន ៣៥ស្នាដៃចំណងជើង ដែលបានដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តចំនួន ៨ទីតាំងក្នុងរាជធានីភ្នំពេញ។ ស្នាដៃទាំងនេះ នឹងអនុញ្ញាតឱ្យទស្សនិកជនដែលចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។ ចំពោះកម្មវិធីបញ្ចាំង មានផ្សព្វផ្សាយតាមហ្វេសប៊ុកផេករបស់មហោស្រព និងវេបសាយមហោស្រព។
សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣  រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ពិធីបើកមហោស្រពនឹងធ្វើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ហើយពិធីបិទមហោស្រពនឹងធ្វើនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥រសៀល។ ចំពោះជ័យលាភីលេខ១ នឹងទទួលបានពានមាសមួយ អមដោយថវិកា ១២លានរៀល,  លេខ២ ទទួលបានពានប្រាក់មួយ អមដោយថវិកា ៨លានរៀល និងលេខ៣ ទទួលបានពានសំរឹទ្ធមួយ ថវិកា ៤លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀតដែរ៕






